អន្តរជាតិ

ប្រទេសវៀតណាមនឹងចេញលិខិតឆ្លងដែនវ៉ាក់សាំងឌីជីថលផ្ទាល់ខ្លួន ដើម្បីកំណត់ព័ត៌មានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

BY
autoadmin
December 22, 2021

ប្រទេសវៀតណាមនឹងចេញលិខិតឆ្លងដែនវ៉ាក់សាំងបង្ការជំងឺ Covid-19 ឌីជីថល ដែលនឹងអាចផ្ទុកព័ត៌មានលម្អិតផ្ទាល់ខ្លួន និងព័ត៌មានអំពីការចាក់វ៉ាក់សាំង។ បើតាមការដកស្រង់ពីឯកសាររបស់ក្រសួងសុខាភិបាលបាននិយាយថា លិខិតឆ្លងដែនវ៉ាក់សាំងឌីជីថលនេះ នឹងរួមបញ្ចូលឈ្មោះ ថ្ងៃខែឆ្នាំកំណើត សញ្ជាតិរបស់សមីខ្លួន ក៏ដូចជាវ៉ាក់សាំងចំពោះជំងឺអ្វី កាលបរិច្ឆេទចាក់វ៉ាក់សាំង ប្រភេទវ៉ាក់សាំង ក្រុមហ៊ុនផលិតវ៉ាក់សាំង និងលេខសៀរៀល (serial) ។ ទិន្នន័យនឹងត្រូវបានអ៊ិនគ្រីប និងបង្ហាញតាមរយៈកូដ QR ដែលផុតកំណត់រយៈពេល ១២ខែ បន្ទាប់ពីការបង្កើតរបស់អ្នកប្រើប្រាស់។

ក្រសួង​សុខាភិបាល​បាន​និយាយ​ថា ព័ត៌មាន​ដែល​បង្ហាញ​នៅ​លើ​លិខិត​ឆ្លង​ដែន​នឹង​ត្រូវ​គ្នា​នឹង​ឯកសារ​របស់ WHO និង EU។ រហូតមកដល់ពេលនេះ ប្រជាជនវៀតណាមចំនួន ៧៧.២ លាននាក់ បានទទួលការចាក់វ៉ាក់សាំង Covid-19 ជាលើកដំបូងរបស់ពួកគេ ខណៈពលរដ្ឋ ៦៣ លាននាក់ បានទទួលវ៉ាក់សាំង ២ដូស និង ១.៣ លាននាក់ បានទទួលវ៉ាក់សាំងដូសទី៣ ឬដូសជំរុញ។ វៀតណាមបានទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងពីប្រទេស និងដែនដីចំនួន ៧៨ ។ ជាមួយគ្នានេះដែរ អូស្ត្រាលី បេឡារុស្ស ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងរបស់វៀតណាម ខណៈដែលវាកំពុងស្ថិតនៅក្រោម «ការពិចារណា» នៅក្នុងប្រទេសផ្សេងទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress

Share This Post: