អន្តរជាតិ

រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក បានយល់ព្រមឱ្យមានការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ សម្រាប់ថ្នាំគ្រាប់ Paxlovid របស់ក្រុមហ៊ុន Pfizer

BY
autoadmin
December 23, 2021

រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) បានសម្រេចផ្តល់ការអនុញ្ញាតឱ្យមានការប្រើប្រាស់ជាបន្ទាន់ លើថ្នាំគ្រាប់ Paxlovid របស់ក្រុមហ៊ុន Pfizer ។ វាជាថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺ COVID-19 ដំបូងបំផុត ដែលអាចប្រើប្រាស់បានចំពោះអ្នកមានហានិភ័យខ្ពស់ ដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ។ វេជ្ជបណ្ឌិត Patrizia Cavazzoni នាយកមជ្ឈមណ្ឌល FDA សម្រាប់ការវាយតម្លៃ និងស្រាវជ្រាវឱសថ បាននិយាយថា៖«ការអនុញ្ញាតនៅថ្ងៃនេះ ជាការណែនាំការព្យាបាលដំបូងបំផុតសម្រាប់ជំងឺ COVID-19 ដែលមានទម្រង់ជាថ្នាំគ្រាប់លេបដោយផ្ទាល់មាត់ ដែលជាជំហានដ៏សំខាន់ឆ្ពោះទៅមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល»។

FDA បាននិយាយថា ការរួមបញ្ចូលគ្នារវាង nirmatrelvir និង ritonavir នឹងមានសម្រាប់ការព្យាបាលជំងឺ COVID-19 កម្រិតស្រាលទៅមធ្យម ចំពោះមនុស្សដែលធ្វើតេស្តវិជ្ជមាន និងមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ រួមទាំងការធ្លាក់ខ្លួនចូលមន្ទីរពេទ្យ ឬមរណភាព។ ថ្នាំនេះអាចប្រើបានតាមវេជ្ជបញ្ជាតែប៉ុណ្ណោះ ហើយគួរតែលេបតាមវេជ្ជបញ្ជាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យរួច និងក្នុងរយៈពេល ៥ថ្ងៃ បន្ទាប់ពីការចាប់ផ្តើមនៃរោគសញ្ញា។ វាមិនត្រូវបានអនុញ្ញាតសម្រាប់ការការពារជាមុន ឬក្រោយការប៉ះពាល់ទៅនឹងមេរោគនោះទេ ហើយក៏មិនត្រូវបានចាត់ទុកថា ជាការជំនួសសម្រាប់វ៉ាក់សាំងបង្ការដែរ។

យោងតាមទីភ្នាក់ងារ FDA ការព្យាបាលគឺមានរយៈពេលមិនលើសពី ៥ថ្ងៃទេ ដោយមានថ្នាំ ៣ គ្រាប់៖ ២គ្រាប់ ជាថ្នាំ nirmatrelvir និង ១គ្រាប់ ជាថ្នាំ ritonavir ហើយត្រូវលេប ២ដង ក្នុងមួយថ្ងៃ។ ថ្នាំ nirmatrelvir មានគោលបំណងបញ្ឈប់មេរោគពីការចម្លង ហើយ ritonavir ពន្យឺតការខូចខាចរបស់ថ្នាំទី១ ដើម្បីអោយវាប្រើប្រាស់បានយូរ៕

អត្ថបទ៖ លីដា
ប្រភព៖ RT

Share This Post: