ប្រទេសចិនបានបិទខ្ទប់ទីក្រុងមួយដែលមានពលរដ្ឋជាង ១៣ លាននាក់ បន្ទាប់ពីមានការផ្ទុះឡើងនៃករណីជំងឺកូវីដ១៩ថ្មីៗ
- BY
- autoadmin
- December 23, 2021
ទីក្រុង Xi’an ភាគខាងជើងប្រទេសចិន បានបញ្ជាឱ្យអ្នកស្រុកទាំង ១៣ លាននាក់ ត្រូវស្នាក់នៅក្នុងផ្ទះរបស់ពួកគេ និងរឹតបន្តឹងការធ្វើដំណើរនានា កាលពីថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងកិច្ចខិតខំប្រឹងប្រែងបិទខ្ទប់ទីក្រុង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ ជម្រាបដែរថា ទីក្រុងប៉េកាំងនឹងត្រូវរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ នៅខែកុម្ភៈ ដូច្នេះប្រទេសចិនបានដាក់ការប្រុងប្រយ័ត្នរបស់ខ្លួន ស្របពេលដែលទីក្រុងមួយចំនួនក៏កំពុងប្រឈមនឹងការផ្ទុះឡើងថ្មីៗ។ ទីក្រុង Xi’an បានរាយការណ៍ពីករណីឆ្លងមេរោគថ្មីចំនួន ៥២ ករណី កាលពីថ្ងៃពុធ ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ១៤៣ ករណី ចាប់តាំងពីថ្ងៃទី០៩ ខែធ្នូ។

រដ្ឋាភិបាលទីក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងបណ្ដាញសង្គម Weibo ផ្លូវការរបស់ខ្លួនថា «ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍តទៅ គ្រួសារទាំងអស់អាចមានសមាជិកម្នាក់ចេញទៅខាងក្រៅ រៀងរាល់ពីរថ្ងៃម្តង ដើម្បីទិញរបស់ចាំបាច់ ហើយអ្នកផ្សេងទៀតទាំងអស់ត្រូវបានបញ្ជាឱ្យនៅក្នុងផ្ទះ លើកលែងតែករណីសង្គ្រោះបន្ទាន់»។
រដ្ឋាភិបាលបាននិយាយថា អ្នកស្រុកមិនគួរចាកចេញពីទីក្រុងប្រសិនបើចាំបាច់ ដោយបន្ថែមថា អ្នកដែលចង់ចាកចេញនឹងត្រូវផ្តល់ភស្តុតាងនៃ «កាលៈទេសៈពិសេស» និងដាក់ពាក្យសុំការយល់ព្រម។ ការប្រកាសនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីទីក្រុងបានចាប់ផ្តើមធ្វើតេស្ដសាកល្បងអ្នកស្រុកទាំង ១៣ លាននាក់ របស់ខ្លួន។ បើតាមការជូនដំណឹងរបស់រដ្ឋាភិបាលបានបញ្ជាក់ថា ស្ថានីយ៍រថយន្តក្រុងចម្ងាយឆ្ងាយត្រូវបានបិទ ហើយអាជ្ញាធរបានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យជំងឺនៅលើផ្លូវហាយវេចេញពីទីក្រុង Xi’an ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






