ប្រទេសជប៉ុនអនុញ្ញាតឱ្យមានការប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩ ដែលបង្កើតឡើងដោយក្រុមហ៊ុនឱសថអាមេរិក Merck
- BY
- autoadmin
- December 25, 2021
ក្រសួងសុខាភិបាលជប៉ុនកាលពីថ្ងៃសុក្រ បានអនុញ្ញាតឱ្យមានការប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលជំងឺ COVID-19 ដែលបង្កើតឡើងដោយក្រុមហ៊ុនឱសថអាមេរិក Merck ។ ក្រសួងគ្រោងនឹងបញ្ជូនថ្នាំ Molnupiravir របស់ក្រុមហ៊ុន Merck ទៅកាន់ស្ថាប័នវេជ្ជសាស្ត្រ ហាងលក់ថ្នាំ និងកន្លែងផ្សេងៗទៀតទូទាំងប្រទេស ដើម្បីឱ្យអ្នកជំងឺអាចចាប់ផ្តើមទទួលយកវានៅដើមសប្តាហ៍ក្រោយ។ ថ្នាំនេះគឺជាថ្នាំគ្រាប់ដំបូងគេនៅក្នុងប្រទេសជប៉ុន សម្រាប់ការពារអ្នកជំងឺ COVID-19 ពីការវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ។

អ្នកជំងឺដែលអាចទទួលថ្នាំ Molnupiravir ត្រូវតែមានអាយុយ៉ាងតិច ១៨ឆ្នាំ មានរោគសញ្ញាស្រាល ឬមធ្យម និងមានហានិភ័យនៃការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។ វានឹងមិនត្រូវបានចេញវេជ្ជបញ្ជាសម្រាប់ស្ត្រីមានផ្ទៃពោះទេ ហើយថ្នាំនេះនឹងត្រូវបានគ្រប់គ្រងក្នុងរយៈពេល ៥ថ្ងៃ បន្ទាប់ពីការចាប់ផ្តើមនៃរោគសញ្ញា។ វានឹងមកក្នុងទម្រង់ជាថ្នាំគ្រាប់ ដែលត្រូវលេប ២ដងក្នុងមួយថ្ងៃ និងលេបរយៈពេល ៥ថ្ងៃ។ ក្រសួងនិយាយថា ថ្នាំនេះនឹងត្រូវផ្តល់ជូនដោយមិនគិតថ្លៃឡើយ។
ក្រុមហ៊ុន Merck និយាយថា ការសាកល្បងព្យាបាលបង្ហាញថា Molnupiravir បានកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យ ឬមរណភាពប្រហែល ៣០ ភាគរយ។ ថ្នាំនេះត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយបន្ទុកលើអ្នកជំងឺ និងស្ថាប័នវេជ្ជសាស្រ្ដ ព្រោះវាអាចយកទៅប្រើប្រាស់នៅផ្ទះបាន។ ក្រសួងបានធានាការផ្គត់ផ្គង់សម្រាប់អ្នកជំងឺ ១.៦ លាននាក់ ហើយថ្នាំសម្រាប់មនុស្ស ២០០,០០០ នាក់ នឹងត្រូវបានផ្តល់ជូននៅឆ្នាំនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






