ការសិក្សារបស់អង់គ្លេស៖ អ្នកឆ្លងជំងឺកូវីដ១៩បំប្លែខ្លួនថ្មី អូមីក្រុង រហូតដល់ទៅ ៧០% គឺមិនត្រូវការការព្យាបាលនៅមន្ទីរពេទ្យនោះទេ
- BY
- autoadmin
- December 27, 2021
ការវិភាគមួយបាននិយាយថា ក្នុងចំណោមអ្នកដែលឆ្លងជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង ចាប់ពី ៥០ ទៅ ៧០ ភាគរយ មិនត្រូវការការថែទាំនៅមន្ទីរពេទ្យនោះទេ បើធៀបនឹងវ៉ារ្យ៉ង់ផ្សេងៗទៀត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ លោកស្រីវេជ្ជបណ្ឌិត Jenny Harries នាយកប្រតិបត្តិនៃទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បាននិយាយថា ការរកឃើញនេះគឺជាការលើកទឹកចិត្តមួយ ប៉ុន្ដែព្រមានដែរថា វ៉ារ្យ៉ង់នេះអាចនឹងនាំឱ្យមានមនុស្សច្រើនចូលមន្ទីរពេទ្យនៅពេលខាងមុខ ដោយសារល្បឿននៃការឆ្លងរបស់វា។

ការវិភាគថ្មីចុងក្រោយរបស់ទីភ្នាក់ងារ UKHSA គឺផ្អែកលើករណីទាំងអស់របស់វ៉ារ្យ៉ង់ អូមីក្រុង និង ដែលតា នៅក្នុងចក្រភពអង់គ្លេស ចាប់តាំងពីដើមខែវិច្ឆិកា ដោយបូករួមទាំងមនុស្សចំនួន ១៣២ នាក់ ដែលបានឆ្លងវ៉ារ្យ៉ង់ អូមីក្រុង ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ របាយការណ៍បានបង្ហាញថា អ្នកដែលឆ្លងជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុងពី ៣១ ទៅ ៤៥ ភាគរយ គឺមិនត្រូវការរង់ចាំការសង្គ្រោះបន្ទាន់នោះទេ (Accident and Emergency) ខណៈពី ៥០ ទៅ ៧០ ភាគរយ ក៏មិនទំនងថានឹងត្រូវការការព្យាបាលនៅមន្ទីរពេទ្យដែរ។
ការសិក្សាបានបង្ហាញថា សមត្ថភាពរបស់វ៉ាក់សាំងបង្ការនៅក្នុងការបញ្ឈប់មនុស្សពីការឆ្លងជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង បានចាប់ផ្តើមថយចុះក្នុងរយៈពេល ១០ សប្តាហ៍ បន្ទាប់ពីការចាក់វ៉ាក់សាំងដូសជំរុញ ប៉ុន្តែបានបន្ថែមថា វ៉ាក់សាំងនៅតែដើរតួសំខាន់សម្រាប់ការប្រឆាំងនឹងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។ របាយការណ៍បានចេញមកភ្លាមៗ បន្ទាប់ពីទិន្នន័យពីអាហ្វ្រិកខាងត្បូង ដាណឺម៉ាក អង់គ្លេស និងស្កុតឡែន សុទ្ធតែបានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺ COVID-19 អាចកាត់បន្ថយហានិភ័យនៃការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ពីមេរោគបំប្លែងថ្មីអូមីក្រុង៕


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






