អន្តរជាតិ

ប្រទេសឥណ្ឌូនេស៊ីបានដកចេញនូវបម្រាមហោះហើរ សម្រាប់យន្ដហោះ Boeing 737 MAX

BY
autoadmin
December 29, 2021

ក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ីកាលពីថ្ងៃអង្គារបាននិយាយថា ប្រទេសរបស់ខ្លួននឹងអនុញ្ញាតឱ្យយន្តហោះ Boeing 737 MAX ហោះហើរម្តងទៀត ដោយនឹងដកចេញនូវបម្រាមហោះហើររបស់វា ដែលបានដាក់ឡើងបន្ទាប់ពីការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Lion Air ដែលបណ្ដាលឱ្យបាត់បង់ជីវិតមនុស្ស ១៨៩នាក់ នៅលើយន្តហោះក្នុងឆ្នាំ២០១៨។ រំលឹកដែរថា អាជ្ញាធរអាកាសចរណ៍ជុំវិញពិភពលោកបានផ្អាកយន្តហោះ Boeing 737 MAX ជាបន្ដបន្ទាប់ ក្រោយពីឧបទ្ទវហេតុដ៏សាហាវស្រដៀងគ្នាមួយផ្សេងទៀត បានកើតឡើងនៅក្នុងខែមីនា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី។

គួរឱ្យដឹងដែរថា យន្តហោះម៉ូដែលនេះត្រូវបានផ្តល់ភ្លើងបៃតងឱ្យហោះហើរម្តងទៀតនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ហើយក្រុមហ៊ុនអាកាសចរណ៍មួយចំនួន ក៏បានបន្តការហោះហើរឡើងវិញនៅខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីការជាប់បម្រាមសុវត្ថិភាពអស់រយៈពេល ២០ ខែ។ ការយល់ព្រមសម្រាប់ការត្រឡប់មកវិញរបស់ Boeing 737 MAX នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើតឡើងប៉ុន្មានខែបន្ទាប់ពីសហរដ្ឋអាមេរិក និងអឺរ៉ុប បានចាប់ផ្ដើមដំណើរការវាឡើងវិញដូចគ្នា និងបន្ទាប់ពីការដកបំរាមការហោះហើរនៅក្នុងប្រទេសមួយចំនួន រួមមាន៖ អូស្ត្រាលី ជប៉ុន ឥណ្ឌា ម៉ាឡេស៊ី សិង្ហបុរី និងអេត្យូពី។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដកបម្រាមនេះមានប្រសិទ្ធភាពភ្លាមៗ ហើយវាធ្វើតាមការវាយតម្លៃនៃការផ្លាស់ប្តូរប្រព័ន្ធរបស់យន្តហោះដោយនិយតករ។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ ក៏ត្រូវតែអនុវត្តតាមការណែនាំអំពីភាពសក្ដិសមនៃយន្តហោះ និងត្រួតពិនិត្យយន្តហោះរបស់ពួកគេ មុនពេលពួកគេអាចហោះហើរ 737 MAX ម្តងទៀត ដោយបន្ថែមថា រដ្ឋាភិបាលនឹងត្រួតពិនិត្យយន្តហោះទាំងនោះផងដែរ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុន Lion Air ដែលធ្លាប់ប្រតិបត្តិការយន្តហោះ 737 MAX ចំនួន ១០គ្រឿង មុនពេលការហាមឃាត់ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: