ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅបានវាយប្រហាររដ្ឋ Colorado របស់សហរដ្ឋអាមេរិក ដែលបង្ខំឱ្យពលរដ្ឋប្រមាណ ៣០,០០០ នាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែង
ពលរដ្ឋរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញ ខណៈផ្ទះរាប់រយខ្នងត្រូវបានបំផ្លាញ ដោយសារភ្លើងឆេះព្រៃយ៉ាងធំមួយ បានឆាបឆេះរាលដាលពាសពេញរដ្ឋ Colorado របស់សហរដ្ឋអាមេរិក។ ភ្លើងដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅ កំពុងវាយប្រហារនៅក្នុងតំបន់ Boulder ភាគខាងជើងនៃទីក្រុង Denver ហើយការស្លាប់ និងរបួស ទំនងជានឹងមានកាន់តែច្រើនបន្ថែមទៀត។ មនុស្សប្រហែល ៣០,០០០ នាក់ នៅក្នុងទីក្រុង Louisville និង Superior ត្រូវចាកចេញពីផ្ទះរបស់ពួកគេនៅថ្ងៃព្រហស្បតិ៍ ហើយសេចក្ដីប្រកាសគ្រាអាសន្នមួយ ក៏ត្រូវបានប្រកាសដោយអភិបាលរដ្ឋលោក Jared Polis ។

ខ្យល់បក់ល្បឿនរហូតដល់ ១៦៩ គីឡូម៉ែត្រក្នុងមួយម៉ោង កំពុងឆាបឆេះពាសពេញតំបន់ បន្ទាប់ពីគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រ។ ដំបូងឡើយភ្លើងឆេះបានកើតមាននៅតំបន់ជនបទ បន្ទាប់មកការឆេះបានបន្ដកើតឡើងនៅតំបន់ជាយក្រុងជាច្រើនទៀតនៃរដ្ឋ Colorado ។ ទន្ទឹមនឹងនេះ ខ្សែភ្លើងដែលត្រូវបានដួលរលំដោយខ្យល់បក់ខ្លាំង ក៏បានក្លាយទៅជាភ្លើងឆេះព្រៃបន្ថែមទៀត ដែលបំផ្លិចបំផ្លាញខ្លាំងបំផុតជាប្រវត្តិសាស្រ្តរបស់រដ្ឋ។
លោក Joe Pelle ស្នងការតំបន់ Boulder បាននិយាយថា ផ្ទះចំនួន ៣៧០ខ្នង បានឆេះនៅភាគខាងលិចនៃទីក្រុង Superior ហើយផ្ទះចំនួន ២១០ខ្នង ត្រូវបានបាត់បង់នៅក្នុងតំបន់ Old Town នៃក្រុង Superior ខណៈដែលអគារផ្សារទំនើប និងសណ្ឋាគារក៏ត្រូវបានលេបត្របាក់យ៉ាងពេញទំហឹង។ គិតមកទល់ពេលនេះ មានពលរដ្ឋម្នាក់បានស្លាប់ និង ៦ នាក់ ផ្សេងទៀតបានរងរបួស ហើយវាទំនងជាមានអ្នករងរបួសច្រើនជាងនេះ នៅពេលរបាយការណ៍ត្រូវបានធ្វើបច្ចុប្បន្នភាព៕


អត្ថបទ៖ លីដា
ប្រភព៖ BBC