អន្តរជាតិ

អត់រាងសោះ! កូវីដមិនទាន់ស្ងប់ផង ឥណ្ឌាបើកឱ្យមានកម្មវិធីរត់ម៉ារ៉ាតុងធំមួយមានមនុស្សចូលរួមជិត ៥,០០០ នាក់ មិនរក្សាគម្លាត ហើយមានហេតុការណ៍រត់ជាន់គ្នារបួសថែមទៀត (មានវីដេអូ)

BY
autoadmin
January 5, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Times Of India បានរាយការណ៍ថា មនុស្សជាច្រើននាក់បានរងរបួស ហើយក្មេងជំទង់ចំនួន ៣នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីមានការរត់ជាន់គ្នាក្នុងអំឡុងពេលរត់ម៉ារ៉ាតុង ដែលរៀបចំដោយសភានៅក្រុង Bareilly របស់ប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារកន្លងទៅនេះ។ វាគឺជាផ្នែកមួយនៃយុទ្ធនាការសំឡេងនារី ‘Ladki hu, lad sakti hu’ របស់សភាឥណ្ឌា ដែលមានន័យថា «ខ្ញុំជានារី ខ្ញុំអាចតស៊ូបាន» ដែលមានក្មេងស្រីមកជុំគ្នាជិត ៥,០០០ នាក់ ដើម្បីចូលរួមក្នុងការរត់ចម្ងាយ ៥ គីឡូម៉ែត្រនេះ។

ប្រភពបាននិយាយថា ក្មេង​ស្រី​ៗមក​ពី​សាលា​ផ្សេងៗ​បាន​ចូល​រួមយុទ្ធនាការនេះ ហើយ​នៅ​ពេល​ការ​ប្រណាំង​បាន​ចាប់​ផ្តើម ក្មេង​ស្រី​ប្រហែល ​៥០​នាក់​ បាន​ដួល​លើ​ដីបន្ទាប់​ពី​អស់ជំហរ ខណៈ​អ្នក​ដែល​នៅ​ពី​ក្រោយ​ពួក​គេ​បាន​រុញ​ច្រាន​ទៅមុខបន្ថែមទៀត។ ពួក​គេ​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ទាន់ពេល​វេលា​ ដោយ​សមាជិក​គណៈកម្មាធិការ​រៀបចំយុទ្ធនាការ។ ព្រឹត្តិការណ៍នោះត្រូវបានបញ្ចប់ ប៉ុន្តែក្មេងស្រីជិត ១០០ នាក់ បានចាកចេញពីយុទ្ធនាការភ្លាមៗ បន្ទាប់ពីការប្រណាំងបានចាប់ផ្តើម។ វាត្រូវបានមើលឃើញថា ជាការរំលោភលើវិធានការទប់ស្កាត់ជំងឺ COVID-19 បើទោះបីជាអ្នករៀបចំកម្មវិធីអះអាងថា ខ្លួនបានសុំឱ្យមានការប្រារព្ធវាឡើងក៏ដោយ ខណៈការស៊ើបអង្កេតមួយក៏ត្រូវបានធ្វើឡើងផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Times Of India

Share This Post: