អន្តរជាតិ

ប្រព័ន្ធ​ផ្សព្វផ្សាយ​​កូរ៉េ​ខាងជើងអះអាងថា មីស៉ីលដែលប្រទេសខ្លួនបាញ់បង្ហោះម្សិលមិញនេះ គឺជាមីស៉ីលល្បឿនលឿនជាងសំឡេង Hypersonic

BY
autoadmin
January 6, 2022

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េ​ខាងជើង​បាន​បញ្ជាក់​ថា ​មីស៉ីល​ដែលប្រទេសខ្លួនបានបាញ់សាកល្បង កាលពីម្សិលមិញ ដែលត្រូវនឹងថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២ គឺជាមីស៉ីលល្បឿនលឿន​ជាង​សំឡេង ​Hypersonic ។ កាសែត Rodong Sinmun ដែលគ្រប់គ្រងដោយរដ្ឋបាននិយាយថា បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិរបស់ប្រទេសខ្លួន បានធ្វើការសាកល្បងលើមីស៉ីលមួយនោះ ហើយវាបាន​ហោះ​បាន​ចម្ងាយ ៧០០ គីឡូម៉ែត្រ និង​បាន​បាញ់​ដល់​គោលដៅ​ដែល​បាន​គ្រោងទុក។

បើតាមប្រភពពីមន្ដ្រីយោធាកូរ៉េខាងជើងបាននិយាយថា មីស៊ីល Hypersonic របស់កូរ៉េខាងជើង ត្រូវបានបាញ់ចេញពីខេត្ត Jagang និងហោះឆ្ពោះទៅរកសមុទ្រ។

ជម្រាបផងដែរថា មីស៊ីល Hypersonic ត្រូវបានរចនាឡើងដើម្បីធ្វើដំណើរក្នុងល្បឿនលឿនជាងសំឡេង ៥ដង ហើយអាចហោះហើរក្នុងរយៈកម្ពស់ទាបបានយូរ និងផ្លាស់ប្តូរផ្លូវហោះហើរ ដែលធ្វើឱ្យពួកវាពិបាកក្នុងការស្វែងរក និងស្ទាក់ចាប់។ បច្ចុប្បន្នសហរដ្ឋ​អាមេរិក រុស្ស៊ី និង​ចិន​ ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​បាន​អភិវឌ្ឍ​មីស៊ីល​លឿន​ជាង​សំឡេងបែបនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: