អន្តរជាតិ

អ្នកស្រាវជ្រាវបានរកឃើញមេរោគកូវីដ១៩ ផ្គួបគ្នាមួយទៀតរវាង «Delta» និង «Omicron» ដែលហៅថា «Deltacron»

BY
autoadmin
January 10, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg កាលពីថ្ងៃសៅរ៍ បានរាយការណ៍ថា អ្នកស្រាវជ្រាវម្នាក់នៅឯប្រទេស Cyprus (ស៊ីប) បានរកឃើញមេរោគវីរុសកូវីដ-១៩ថ្មី ដែលជាការរួមបញ្ចូលគ្នារវាងវ៉ារ្យ៉ង់ ដែលតា និង អូមីក្រុង ប៉ុន្តែអ្នកស្រាវជ្រាវមិនទាន់អាចកំណត់បានថា វានឹងមានផលប៉ះពាល់ប៉ុនណានោះទេ។ លោក Leondios Kostrikis សាស្ត្រាចារ្យផ្នែកជីវវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យស៊ីប បានហៅប្រភេទនេះថា«Deltacron» «ដែលតាក្រុង» ដោយសារតែហ្សែនរបស់វាស្រដៀងនឹង អូមីក្រុង នៅពីក្នុងបណ្ដំហ្សែនរបស់វ៉ារ្យ៉ង់ ដែលតា។

រហូតមកដល់ពេលនេះ មានករណីចំនួន ២៥ ត្រូវបានគេរាយការណ៍ទាក់ទងនឹង ដែលតាក្រុង ហើយលោក Kostrikis បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Sigma TV កាលពីថ្ងៃសុក្រថា៖«យើងនឹងដឹងនៅពេលអនាគត ប្រសិនបើជំងឺនេះចម្លងរោគកាន់តែខ្លាំង ឬមានចម្លងកាន់តែខ្លាំង ឬប្រសិនបើវានឹងកាន់តែមានសន្ទុះឡើងខ្លាំងជាងប្រភេទលេចធ្លោទាំង ២ គឺ ដែលតា និង អូមីក្រុង»។ អ្នកស្រាវជ្រាវក៏បានបញ្ជូនការរកឃើញរបស់ពួកគេទៅកាន់ GISAID រួចហើយដែរ ដែលទីនោះជាមូលដ្ឋានទិន្នន័យអន្តរជាតិ សម្រាប់តាមដានមេរោគ នេះបើយោងតាម ​​Bloomberg ។

វ៉ារ្យ៉ង់ ដែលតាក្រុង កើតឡើងនៅចំពេលដែលវ៉ារ្យ៉ង់ អូមីក្រុង បន្តរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក ដែលបណ្តាលឱ្យមានការកើនឡើងនៃករណី COVID-19 នៅបណ្ដាប្រទេសមួយចំនួន។ ជាក់ស្ដែង សហរដ្ឋអាមេរិកកំពុងរាយការណ៍ករណីជាមធ្យមចំនួន ៦០០,០០០ ករណី ជារៀងរាល់ថ្ងៃ នេះបើយោងតាមការវិភាគរបស់ CNBC កាលពីថ្ងៃសុក្រ ដកស្រង់ទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins ដែលវាគឺជាការកើនឡើង ៧២% ពីសប្តាហ៍មុន និងជាកំណត់ត្រាច្រើនបំផុតរបស់ពិភពលោក៕

អត្ថបទ៖ លីដា
ប្រភព៖ Bloomberg

Share This Post: