ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អតីតលេខារងនៃអង្គភាពបក្សទីក្រុងហូជីមិញម្នាក់ ត្រូវបានគេកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ ពីបទប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ដែលបណ្ដាលឱ្យមានការបាត់បង់ថវិកាទីក្រុង

    BY autoadmin January 10, 2022
    អតីតលេខារងនៃអង្គភាពបក្សទីក្រុងហូជីមិញម្នាក់ ត្រូវបានគេកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ ពីបទប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ដែលបណ្ដាលឱ្យមានការបាត់បង់ថវិកាទីក្រុង

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានរាយការណ៍ថា អតីតលេខារងនៃអង្គភាពបក្សរបស់ទីក្រុងហូជីមិញ ត្រូវបានគេកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ ពីបទធ្វើឱ្យបាត់បង់ថវិការបស់ទីក្រុងចំនួន ៦៦៩ ពាន់លានដុង ឬ ស្មើនឹង ២៩.៤ លានដុល្លារអាមេរិក។ តុលាការប្រជាជនទីក្រុងហូជីមិញបានរកឃើញថា លោក Tat Thanh Cang (តាត ថាញកាង) អាយុ ៥០ឆ្នាំ ត្រូវបានតុលាការកាត់ទោសពីបទ រំលោភលើការគ្រប់គ្រង និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ដែលនាំឱ្យបាត់បង់ ឬខ្ជះខ្ជាយថវិកាទាំងអស់នោះ។ លោកត្រូវបានគេចាប់ខ្លួនកាលពីឆ្នាំ២០២០ ទាក់ទិននឹងសំណុំរឿងគម្រោងអភិវឌ្ឍន៍សៃហ្គនខាងត្បូង Sadeco ។

    បើតាមដីកាចោទប្រកាន់ គឺលោក Cang បានអនុញ្ញាតឱ្យក្រុមហ៊ុន Tan Thuan Industrial (IPC) ដែលគ្រប់គ្រងដោយគណៈកម្មាធិការគណបក្សទីក្រុងហូជីមិញ កាត់បន្ថយកម្មសិទ្ធិរបស់ខ្លួននៅក្នុងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ South Saigon Development JSC (Sadeco) ហើយលក់ភាគហ៊ុនចំនួន ៩ លានហ៊ុន (shares) ទៅឱ្យក្រុមហ៊ុនលក់ផលិតផលអេឡិចត្រូនិក Nguyen Kim ដោយមិនមានការដេញថ្លៃប្រកួតប្រជែងឡើយ ដែលវាបណ្តាលឱ្យមានការខាតបង់យ៉ាងហោចណាស់ ៦៦៩ ពាន់លានដុង ដល់ស្ថាប័នគ្រប់គ្រងទីក្រុង។

    ចំណែកលោក Te Tri Dung អតីតនាយកប្រតិបត្តិក្រុមហ៊ុន Tan Thuan Industrial (IPC) និងជាអតីតប្រធានក្រុមហ៊ុន Sadeco បានទទួលការកាត់ទោសឱ្យជាប់គុក ២០ឆ្នាំ ខណៈដែល Ho Thi Thanh Phuc នាយកប្រតិបត្តិក្រុមហ៊ុន Sadeco ត្រូវបានជាប់គុក ១៦ឆ្នាំ ក្រោមបទចោតប្រកាន់ដូចៗគ្នា។ ទន្ទឹមនឹងនេះដែរ មានមនុស្សចំនួន ១៧​នាក់​ផ្សេង​ទៀត ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ​ ក៏ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២ឆ្នាំ និង​ ១៣ ឆ្នាំ។ លោក Cang ត្រូវបានបណ្តេញចេញពីតំណែងកាលពីខែធ្នូ ឆ្នាំ២០១៨ ពីតំណែងជាអនុប្រធានបក្ស និងជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្ស ក៏ដូចជាគណៈកម្មាធិការអចិន្ត្រៃយ៍របស់អង្គភាពទីក្រុងសម្រាប់រយៈពេល ២០១៥-២០២០៕

    អត្ថបទ៖ លីដា
    ប្រភព៖ VNExpress

    Share This Post: