រដ្ឋាភិបាលថៃបានអះអាងថា ខ្លួនមិនបានលាក់បាំងពីការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក ដែលធ្វើឱ្យមានការធ្លាក់ចុះការផ្គត់ផ្គង់ និងកើនឡើងតម្លៃសាច់ជ្រូកនោះឡើយ
- BY
- autoadmin
- January 10, 2022
រដ្ឋាភិបាលថៃកាលពីម្សិលមិញនេះ បានបដិសេធចំពោះពាក្យចោទប្រកាន់ដែលថា ខ្លួនបានបិទបាំងពីការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក (AFS) នៅក្នុងប្រទេសថៃ នៅចំពេលមានការធ្លាក់ចុះការផ្គត់ផ្គង់សាច់ជ្រូក និងការកើនឡើងតម្លៃសាច់ជ្រូកក្នុងស្រុក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nation Thailand នៅថ្ងៃអាទិត្យ ទី០៩ ខែមករា ឆ្នាំ២០២២។ ជាក់ស្ដែង AFS កំពុងបំផ្លាញហ្វូងជ្រូកនៅក្នុងប្រទេសជិតខាងដូចជា៖ ម៉ាឡេស៊ី កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ក៏ដូចជាប្រទេសរាប់សិបផ្សេងទៀត។
![]()
ការផ្គត់ផ្គង់សាច់ជ្រូកថៃបានធ្លាក់ចុះ ៣០% នៅឆ្នាំនេះ ហើយនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចានអូចា ក៏បានបញ្ជាឱ្យមន្ត្រីបសុសត្វពន្លឿនការត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូក។ រដ្ឋាភិបាលទទូចថា អ្នកជំនាញបសុសត្វកំពុងអនុវត្តតាមស្តង់ដារអន្តរជាតិ ហើយនឹងរាយការណ៍ករណី AFS របស់ថៃទៅកាន់អង្គការសុខភាពសត្វអន្តរជាតិ ដោយមិនមានការបិទបាំងឡើយ។ គួរឱ្យដឹងដែរថា AFS មិនមានវ៉ាក់សាំងការពារនោះទេ ហើយវាមានគ្រោះថ្នាក់ចំពោះសត្វជ្រូក ប៉ុន្តែគ្មានគ្រោះថ្នាក់ដល់មនុស្សទេ។
ការផ្ទុះឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ខំឱ្យមានការសម្លាប់ជ្រូកចំនួន ៥០០ លានក្បាល នៅក្នុងប្រទេសចិន និង ៥ លានក្បាល នៅវៀតណាមតែមួយ។ ឥឡូវនេះប្រទេសថៃកំពុងផ្តោតលើការបង្កើតវ៉ាក់សាំងសម្រាប់ AFS ជាមួយនឹងការស្រាវជ្រាវរួមគ្នាដោយសាកលវិទ្យាល័យ Chulalongkorn និង Kasetsart ។ វ៉ាក់សាំងដ៏ជោគជ័យមួយនឹងត្រូវប្រើ ដើម្បីការពារការនាំចេញជ្រូករបស់ថៃ ដែលមានតម្លៃជាង ២០ ពាន់លានបាត ក្នុងមួយឆ្នាំៗ។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មដាក់ចេញនូវការកាត់បន្ថយតម្លៃនៅហាងចំនួន ៦៦៧ នៅទូទាំងប្រទេស ដើម្បីកាត់បន្ថយបន្ទុកនៃថ្លៃចំណាយប្រចាំថ្ងៃ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






