អន្តរជាតិ

ក្រុមហ៊ុន Merck បានរំពឹងថា ថ្នាំគ្រាប់ Molnupiravir របស់ខ្លួន អាចមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺកូវីដ១៩ វ៉ារ្យ៉ង់អូមីក្រុងបាន

BY
autoadmin
January 11, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា នាយកប្រតិបត្តិក្រុមហ៊ុន Merck Research Laboratories កាលពីថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ បាននិយាយថា ថ្នាំគ្រាប់ Molnupiravir ប្រឆាំងនឹងជំងឺ COVID-19 របស់ក្រុមហ៊ុនខ្លួន អាចមានសមត្ថភាពប្រឆាំងនឹងវ៉ារ្យ៉ង់ អូមីក្រុង និងវ៉ារ្យ៉ង់ផ្សេងទៀតបាន។ លោក Dean Li បាននិយាយថា៖«យើងមានទំនុកចិត្តយ៉ាងខ្លាំងថា វានឹងមានប្រសិទ្ធភាពជាមួយ អូមីក្រុង… ហើយខ្ញុំគិតថា វាអាចប្រឆាំងនឹងវ៉ារ្យ៉ង់ថ្មីផ្សេងទៀតបានដូចគ្នា»។

ទិន្នន័យស្តីពីឥទ្ធិពលរបស់ Molnupiravir ប្រឆាំងនឹង អូមីក្រុង មិនទាន់មាននៅឡើយទេ ប៉ុន្តែថ្នាំគ្រាប់នេះត្រូវបានបង្ហាញថា មានប្រសិទ្ធភាព ៣០% ក្នុងការកាត់បន្ថយការសម្រាកនៅមន្ទីរពេទ្យ និងការស្លាប់ ដោយផ្អែកលើទិន្នន័យពីអ្នកជំងឺ ១,៤៣៣ នាក់ នេះបើយោងតាមទិន្នន័យចុងក្រោយ ដែលបានចេញផ្សាយកាលពីខែវិច្ឆិកាឆ្នាំមុន។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទិន្នន័យនេះបានបង្ហាញពីប្រសិទ្ធភាពតិចជាងមុនគួរឱ្យកត់សម្គាល់ ដោយសារតួលេខចាស់គឺមានរហូតដល់ ៥០% ឯណោះ។ ថ្នាំគ្រាប់នេះបានទទួលការអនុញ្ញាតពីរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិកកាលពីខែមុន ក៏ដូចជានៅក្នុងប្រទេសមួយចំនួនទៀតដូចជា៖ ចក្រភពអង់គ្លេស ជប៉ុន និងឥណ្ឌា ខណៈប្រទេសផ្សេងៗ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញថ្នាំនេះដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: