កូរ៉េខាងជើងបានបាញ់មីស៊ីលទី២ មួយគ្រាប់ទៀត ក្នុងរយៈពេលមិនដល់មួយសប្ដាហ៍ពីគ្នា
- BY
- autoadmin
- January 11, 2022
យោធាកូរ៉េខាងត្បូង និងឆ្មាំឆ្នេរសមុទ្រជប៉ុន បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលមួយ ដែលគេជឿថា ជាមីស៊ីលផ្លោង នៅថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២ ដែលជាការបាញ់បង្ហោះលើកទី ២ ក្នុងរយៈពេលតិចជាងមួយសប្តាហ៍ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបាញ់បង្ហោះមីស៊ីលផ្លោងមួយនោះ ត្រូវបានគេរកឃើញនៅម៉ោងប្រហែល ៧ និង ២៧ នាទីព្រឹក ពីតំបន់ដីគោកនៃប្រទេសកូរ៉េខាងជើង ឆ្ពោះទៅកាន់សមុទ្រនៃឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មានក្យូដូដកស្រង់ប្រភពពីរដ្ឋាភិបាលជប៉ុនបាននិយាយថា នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានប្រាប់អ្នកយកព័ត៌មានថា៖«កូរ៉េខាងជើងបន្តបាញ់មីស៊ីល វាគឺជារឿងគួរឱ្យសោកស្តាយបំផុត»។ ដោយលោកកត់សម្គាល់ថា អង្គការសហប្រជាជាតិក៏ទើបតែបានបញ្ចប់ការពិភាក្សា អំពីរបៀបឆ្លើយតបទៅនឹងការបាញ់បង្ហោះដូចគ្នាកាលពីសប្តាហ៍មុន ចំពោះអ្វីដែលកូរ៉េខាងជើងបានអះអាងថាជា «មីស៊ីលល្បឿនលឿន Hypersonic»។
ការបាញ់បង្ហោះមីស៊ីលពីសំណាក់ប្រទេសកូរ៉េខាងជើង បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តសម្រាប់ឆ្នាំថ្មី របស់មេដឹកនាំ គីម ជុងអ៊ុន ក្នុងការពង្រឹងកម្លាំងយោធា ដើម្បីទប់ទល់នឹងស្ថានការណ៍អន្តរជាតិដែលមិនស្ថិតស្ថេរ នៅចំពេលមានការជាប់គាំងកិច្ចចរចាជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍របស់ JCS បាននិយាយថា កូរ៉េខាងត្បូងកំពុងរក្សាជំហរត្រៀមរបស់ខ្លួន ខណៈកំពុងតាមដានយ៉ាងដិតដល់នូវនិន្នាការពាក់ព័ន្ធ ក្រោមកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






