អន្តរជាតិ

ប្រទេសចិនបានបិទខ្ទប់ទីក្រុងមួយដែលមានពលរដ្ឋជាង ៥ លាននាក់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ១៩ វ៉ារ្យ៉ង់អូមីក្រុង

BY
autoadmin
January 12, 2022

អាជ្ញាធរនៅក្នុងប្រទេសចិនបានដាក់ទីក្រុង Anyang របស់ខេត្ត Henan ស្ថិតនៅក្រោមការបិទខ្ទប់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។ យោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា ការឆ្លងក្នុងស្រុកចំនួន ៨៤ ករណី បូករួមទាំងករណីរបស់វ៉ារ្យ៉ង់ អូមីក្រុង ត្រូវបានបញ្ជាក់នៅក្នុងទីក្រុង Anyang ចន្លោះពីថ្ងៃសៅរ៍ ដល់ព្រឹកថ្ងៃអង្គារ ហើយអាជ្ញាធរ​មូលដ្ឋាន ក៏​បានចាប់ផ្ដើម​ហាម​ប្រជាជន​មិន​ឱ្យ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​ចាប់​ពី​ថ្ងៃ​ចន្ទ​មក ដែលគ្របដណ្ដប់លើពលរដ្ឋរបស់ទីក្រុងប្រមាណ ៥ លាននាក់។

យានយន្ត​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ជិះតាម​ដង​ផ្លូវ ដោយ​មិន​រាប់​បញ្ចូល​រថយន្ត​ដែល​ជា​របស់​ប៉ូលិស នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ និង​សេវា​សំខាន់ៗ​ផ្សេង​ទៀត ខណៈរោងចក្រត្រូវបានជំរុញឱ្យផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្ន។ អាជ្ញាធរ​ក្នុង​ប្រទេស​ចិនក៏​កំពុង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម មុន​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​ក្រុង​ប៉េកាំង​ក្នុង​ខែ​កុម្ភៈចូលមកដល់។
ស្របពេលជាមួយគ្នានេះដែរ ទីក្រុង Tianjin បាននិងកំពុងធ្វើតេស្ត PCR លើអ្នកស្រុកជាង ១៣ លាននាក់ ដោយសារការឆ្លងជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង ក្នុងសហគមន៍ ត្រូវបានកំណត់អត្តសញ្ញាណនៅទីនោះ។ ចំណែកកាលពីសប្ដាហ៍មុន ទីក្រុង Xi’an នៃខេត្ត Shaanxi ដែលមានប្រជាជនប្រហែល ១៣ លាននាក់ ក៏ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការបិទខ្ទប់រយៈពេល ២០ថ្ងៃ ដោយសារតែការរីករាលដាលនៃការឆ្លងជាមួយនឹងវ៉ារ្យ៉ង់ ដែលតា ៕

អត្ថបទ៖ លីដា
ប្រភព៖ Daily Mail

Share This Post: