អន្តរជាតិ

ប្រទេសវៀតណាមគ្រោងផ្ដល់ស្មាតហ្វូនជូនប្រជាពលរដ្ឋ ដែលមិនមានលទ្ធភាពទិញមកប្រើប្រាស់

BY
autoadmin
January 12, 2022

នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងនៃទីក្រុងហូជីមិញ របស់ប្រទេសវៀតណាម បានដាក់សំណើរមួយទៅកាន់រដ្ឋបាលក្រុង ដើម្បីអនុញ្ញាតឱ្យពលរដ្ឋដែលមិនមានលទ្ធភាព អាចមានស្មាតហ្វូនមកប្រើប្រាស់បាន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress ។ នាយកដ្ឋានបានអះអាងថា គោលដៅនៃការផ្ដល់ជូនស្មាតហ្វូននេះ គឺអាចសម្រេចទៅបានលុះត្រាតែការគ្រប់គ្រង សេដ្ឋកិច្ច និងសង្គម មានការផ្លាស់ប្តូរនៅក្នុងពេលតែមួយ។ ពោលគឺដើម្បីឱ្យសង្គមមួយប្រើប្រាស់ប្រព័ន្ធឌីជីថលបានទូលំទូលាយ ពលរដ្ឋទាំងអស់គួរតែចូលរួមចំណែកទាំងអស់គ្នា។

ហូជីមិញគឺជាទីក្រុងដ៏ធំបំផុតនៅក្នុងប្រទេសវៀតណាម ដែលមានប្រជាជនចំនួន ៩ លាននាក់ ហើយមានពលរដ្ឋក្រីក្រជាង ១៤៤,០០០ នាក់ នេះបើយោងតាមទិន្នន័យរបស់នាយកដ្ឋានការងារ យុទ្ធជនពិការ និងសង្គមកិច្ច។ ពលរដ្ឋក្រីក្រត្រូវបានផ្ដោតជាគោលដៅសំខាន់ក្នុងគម្រោងនេះ ខណៈនឹងអនុញ្ញាតឱ្យមានការដាក់ពង្រាយ ក្នុងពេលដំណាលគ្នាជាមួយឌីជីថលនីយកម្ម និងធានាថា គ្មានពលរដ្ឋណាម្នាក់ត្រូវបានគេទុកចោលឡើយ។ នាយកដ្ឋាន និងដៃគូពាក់ព័ន្ធ ក៏នឹងធ្វើការពិនិត្យ​មើល​គ្រួសារ​ក្រីក្រ​ និង​ធ្វើ​បញ្ជី​អ្នក​ដែល​ត្រូវការ​ទូរស័ព្ទ​ទាំងនោះ។

នាយកដ្ឋានបានលើកឡើងថា មូលនិធិសម្រាប់គម្រោងនេះអាចមកពីថវិការបស់ទីក្រុង ឬការវិនិយោគឯកជន ហើយអ្នកទទួលអាចបង់ថ្លៃតិចតួចទៅតាមការកំណត់របស់រដ្ឋ។ ប្រសិនបើទីក្រុងអនុម័តផែនការនេះ នាយកដ្ឋាននឹងសម្រេចថា តើស្មាតហ្វូនប្រភេទណាដែលនឹងត្រូវបានផ្តល់ជូន ហើយប៉ាន់ស្មានថា តើគម្រោងនេះនឹងមានតម្លៃប៉ុន្មាន៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress

Share This Post: