ក្រុមហ៊ុនមីម៉ាម៉ានៅប្រទេសថៃ ប្រកាសថានឹងមិនដំឡើងថ្លៃទំនិញឡើយ ទោះបីជាសាច់ជ្រូកនៅថៃឡើងថ្លៃក៏ដោយ
- BY
- autoadmin
- January 12, 2022
ក្រុមហ៊ុន Thai President Foods បានជូនដំណឹងដល់ក្រសួងពាណិជ្ជកម្មនៃប្រទេសថៃថា ខ្លួននឹងមិនដំឡើងថ្លៃមី «ម៉ាម៉ា» ដ៏ពេញនិយមរបស់ខ្លួននោះឡើយ បើទោះជាមានការកើនឡើងនៃតម្លៃសាច់ជ្រូកនៅក្នុងប្រទេសក៏ដោយ។ ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Manlika Boonmeetrakul-Mahasuk បាននិយាយកាលពីថ្ងៃពុធថា៖«ក្រុមហ៊ុនបានប្រាប់ថា តម្លៃមីម៉ាម៉ាក្នុងទម្រង់ជាថង់នឹងនៅមានតម្លៃដដែល ខណៈក្រុមហ៊ុនប្តេជ្ញាជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់ប្រជាជន។ ក្រុមហ៊ុននឹងប្រើប្រាស់យុទ្ធសាស្រ្តគ្រប់គ្រងការចំណាយ ដើម្បីដោះស្រាយជាមួយនឹងការកើនឡើងនៃតម្លៃម្សៅស្រូវសាលី និងប្រេងដូង ដែលជាគ្រឿងផ្សំសំខាន់ ២ នៅក្នុងមីកញ្ចប់នេះ»។

ក្រៅពីមីម៉ាម៉ាដែលពេញនិយមបំផុតនៅប្រទេសថៃ ដែលមានតម្លៃលក់ដុំចាប់ពី ៥ ទៅ ៦ បាត ក្នុងមួយកញ្ចប់, ក្រុមហ៊ុន Thai President Foods ក៏មានផលិតផលបបរកញ្ចប់ និងនំជាច្រើនប្រភេទផងដែរ។ លោកស្រី Manlika បានបន្ថែមថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Jurin Laksanawisit បានជំរុញឱ្យក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ចាំបាច់ ជួសជុលតម្លៃ ដរាបណាពួកគេអាចធ្វើបាន ដើម្បីកុំឱ្យប្រជាជនមានបន្ទុកបន្ថែមទៀត នៅពេលដែលតម្លៃផលិតផលកសិកម្មជាច្រើនកំពុងឡើងថ្លៃ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






