ក្រុមហ៊ុន Moderna រំពឹងនឹងសាកល្បងវ៉ាក់សាំងរបស់ខ្លួន សម្រាប់កុមារដែលមានអាយុពី ២ ទៅ ៥ឆ្នាំ ក្នុងខែមីនា
- BY
- autoadmin
- January 13, 2022
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ក្រុមហ៊ុន Moderna កាលពីថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២២ បាននិយាយថា ខ្លួនរំពឹងនឹងរាយការណ៍ពីទិន្នន័យនៃការសាកល្បងវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួន ចំពោះកុមារដែលមានអាយុចន្លោះពី ២ ទៅ ៥ឆ្នាំ ក្នុងខែមីនា។ ក្រុមហ៊ុនបាននិយាយថា៖«ប្រសិនបើទិន្នន័យមានការគាំទ្រ និងជាកម្មវត្ថុនៃការប្រឹក្សាបទប្បញ្ញត្តិ, ក្រុមហ៊ុន Moderna អាចនឹងបន្តជាមួយនឹងឯកសារទាក់ទង សម្រាប់ទិន្នន័យរបស់កុមារអាយុពី ២ ទៅ ៥ឆ្នាំ នៅពេលបន្ទាប់ទៀត»។

វ៉ាក់សាំងរបស់ Moderna ដែលមានមូលដ្ឋានលើបច្ចេកទេស Messenger RNA មានការអនុញ្ញាតរួចហើយ នៅក្នុងទ្វីបអឺរ៉ុប ចក្រភពអង់គ្លេស អូស្ត្រាលី និងកាណាដា សម្រាប់ក្មេងជំទង់ដែលមានអាយុពី ១២ ទៅ ១៧ឆ្នាំ ហើយបានដាក់ពាក្យស្នើសុំសម្រាប់កុមារ ដែលមានអាយុពី ៦ ទៅ ១១ ឆ្នាំ។ នៅសហរដ្ឋអាមេរិក វ៉ាក់សាំងនេះត្រូវបានអនុញ្ញាតដោយរដ្ឋបាលចំណីអាហារ និងឱសថ មិនថាជាវ៉ាក់សាំង ២ដូស និងដូសជំរុញ សម្រាប់មនុស្សពេញវ័យដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនមិនទាន់ទទួលបានការអនុញ្ញាតពីនិយតករ សម្រាប់ការប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួនចំពោះកុមារនៅឡើយទេ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






