រដ្ឋាភិបាលអង់គ្លេសនឹងបន្ថយរយៈពេលធ្វើចត្តាឡីស័ក មកនៅត្រឹម ៥ថ្ងៃ ចាប់ពីថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ
- BY
- autoadmin
- January 14, 2022
រដ្ឋាភិបាលអង់គ្លេសនឹងកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក សម្រាប់ប្រជាជនក្នុងប្រទេសអង់គ្លេសដែលតេស្តវិជ្ជមានជាមួយជំងឺ COVID-19 មកត្រឹម ៥ថ្ងៃ ដែលកាត់បន្ថយពីរយៈពេល ៧ ថ្ងៃ ពីច្បាប់ចាស់ នេះបើតាមការបញ្ជាក់របស់លោក Sajid Javid រដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីថ្ងៃព្រហស្បតិ៍។ លោកបានមានប្រសាសន៍ថា ចាប់ពីថ្ងៃចន្ទក្រោយនេះ ពលរដ្ឋអាចផ្អាកការធ្វើចត្តាឡីស័កនៅថ្ងៃទី៦ ប្រសិនបើពួកគេធ្វើតេស្តអវិជ្ជមាន ២ដង និងមិនមានអាការគ្រុនក្តៅ។ លោក Javid បាននិយាយថា ការកាត់បន្ថយពេលវេលានេះ គឺដោយសាររដ្ឋាភិបាលចង់បង្កើនសកម្មភាពនៅក្នុងសេដ្ឋកិច្ច និងការអប់រំឡើងវិញ ខណៈដែលតាមទិន្នន័យផ្លូវការបានបង្ហាញថា ២ ភាគ ៣ នៃអ្នកកើតជំងឺ COVID-19 នឹងមិនចម្លងមេរោគចេញក្រៅទៀតទេ ក្រោយរយៈពេល ៥ថ្ងៃ ចាប់តាំងពីពួកគេតេស្ដវិជ្ជមានជាមួយជំងឺ។

ជម្រាបដែរថា ចក្រភពអង់គ្លេសបាននិងកំពុងរាយការណ៍ពីការឆ្លងថ្មីជាង ១០០,០០០ ក្នុងមួយថ្ងៃ ជាមួយនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃវ៉ារ្យ៉ង់អូមីក្រុង។ ការកើនឡើងនេះបានបណ្តាលឱ្យមានការរំខានយ៉ាងខ្លាំងដល់បុគ្គលិករបស់មន្ទីរពេទ្យ សាលារៀន និងការដឹកជញ្ជូន។ គេសង្ឃឹមថា ការកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កមកត្រឹម ៥ថ្ងៃ នឹងកាត់បន្ថយសម្ពាធបុគ្គលិកធ្វើការ។ ជាមួយគ្នានេះដែរ មន្ត្រីសុខាភិបាលក៏កំពុងជំរុញឱ្យប្រជាជនពាក់ម៉ាស់ និងជៀសវាងការប៉ះពាល់នៅកន្លែងដែលមានមនុស្សច្រើន ទោះបីជាពួកគេបានបញ្ចប់ការដាក់ឱ្យនៅដាច់ពីគេក្នុងរយៈពេល ៥ ថ្ងៃក៏ដោយ ព្រោះពួកគេអាចមានហានិភ័យនៅតែឆ្លងទៅមនុស្សផ្សេងទៀត។ សហរដ្ឋអាមេរិកក៏បានកាត់បន្ថយរយៈពេលចត្តាឡីស័កមកត្រឹម ៥ថ្ងៃ ក្រោមលក្ខខណ្ឌមួយចំនួនផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






