អន្តរជាតិ

ផ្ទុះភ្នំភ្លើងក្រោមបាតសមុទ្រនៅជិតកោះតុងហ្គា បានបណ្តាលឱ្យមានរលកយក្សស៊ូណាមិ និងជន់លិចចម្ងាយ ១០,០០០ គីឡូម៉ែត្រ ពីទីតាំងផ្ទុះ

BY
autoadmin
January 17, 2022

តុងហ្គា៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានរាយការណ៍ថា ផ្ទុះភ្នំភ្លើងក្រោមបាតសមុទ្រដ៏ធំមួយ បានបង្កឱ្យមានការរញ្ជួយដីកម្រិត ៧.៤ រិចទ័រ និងបណ្តាលឱ្យមានរលកយក្សស៊ូណាមិ ដែលធ្វើឱ្យមានការជន់លិចរហូតដល់ ១០,០០០ គីឡូម៉ែត្រ ពីបរិវេណផ្ទុះ។ ​នូវែលសេឡង់ សហរដ្ឋអាមេរិក កាណាដា និង​អាមេរិក​ខាង​ត្បូង សុទ្ធតែអាចមានអារម្មណ៍ដឹងពីការរញ្ជួយនេះ ខណៈការព្រមានក៏ត្រូវបានដាក់ជូន សម្រាប់ឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសអូស្ត្រាលី, ហ្វីជី, ញូវវ៉ានូអាទូ, អាមេរិកសាម័រ, កោះ Lord Howe, កោះ Macquarie និងកោះ Norkfolk ។

ការផ្ទុះពីក្រោមសមុទ្របានធ្វើឱ្យមានការរញ្ជួយដី ហើយការរញ្ជួយដីក៏បានធ្វើឱ្យមានរលកយក្សស៊ូណាមិ ដែលមានកម្ពស់រហូតដល់ ១.៣ ម៉ែត្រ ដែលត្រូវបានកត់ត្រានៅ Port San Luis, California, Oregon,Washington, British Columbia ក្នុងប្រទេសកាណាដា និង Alaska ។ ចំណែកឯប្រទេសតុងហ្គាផ្ទាល់ ត្រូវបានវាយប្រហារពីរលកយក្សស៊ូណាមិរហូតដល់ ២ លើក ចាប់តាំងពីពេលមានការផ្ទុះភ្នំភ្លើង Hunga Tonga–Hunga Haʻapai មួយនោះ។

នៅ​ប្រទេស​ជប៉ុន អាជ្ញាធរ​ក៏បាន​ព្រមាន​ពី​រលក​កម្ពស់​ដល់​ទៅ ៣​ម៉ែត្រ ខណៈរលកយក្សស៊ូណាមិកម្ពស់ ១.២ ម៉ែត្រ ត្រូវបានកត់ត្រានៅក្នុងស្រុក Kominato នៃកោះ Amami-Oshima ក្នុងខេត្ត Kagoshima នៅម៉ោង ១១ និង ៥៥ នាទី យប់ថ្ងៃសៅរ៍ (1:55 AM / AEDT) ។ រលកយក្សស៊ូណាមិក៏បានទៅដល់អាមេរិកខាងត្បូង និងបណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសប៉េរូ។ ឆ្នេរសមុទ្រនៃទីក្រុង Los Rios របស់ប្រទេសឈីលី ដែលមានចម្ងាយជិត ១០,០០០ គីឡូម៉ែត្រ ពីតុងហ្គាក៏រងផលប៉ះពាល់ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Daily Mail

Share This Post: