រដ្ឋបាលខេត្តសៀមរាប ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដូសទី១ ជូនដល់កុមារអាយុ ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ស្របពេលដែលមេរោគកូវីដ១៩ ប្រភេទកូមីក្រុង កំពុងតែមានការរាតត្បាត រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ (ស៊ីណូវ៉ាក់) ដូសទី១ ជូនដល់កុមារអាយុ០៣ឆ្នាំ ដល់ក្រោម០៥ឆ្នាំ និងដូសជំរុញ សម្រាប់កុមារអាយុ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅតាមទីតាំងមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំងអស់ នៅទូទាំងខេត្តសៀមរាប។

លោកឱសថការី លឹម ហេង អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានឱ្យដឹងថា នៅព្រឹកនេះ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ ១៩ដូសទី១ សម្រាប់កុមារអាយុ០៣ឆ្នាំ ដល់ក្រោម០៥ឆ្នាំហើយ។ សម្រាប់ដំណើរការចាក់ វ៉ាក់សាំងកូវីដ១៩ សម្រាប់កុមារអាយុ០៣ឆ្នាំ ដល់ក្រោម០៥ឆ្នាំនេះ គឺមានការពិបាកបន្តិច ដោយសារពួកគាត់តូចៗ មានការភ័យខ្លាច ខ្លះខ្លាចម្ជុល យំ ស្រែ ដែលត្រូវឱ្យក្រុមគ្រូពេទ្យ និងឪពុកម្តាយធ្វើការលួងលោម ដើម្បីឱ្យពួកគាត់បានចាក់គ្រប់ៗគ្នា។ លោកបន្តថា សម្រាប់ ការចាក់វ៉ាក់សាំងជូនក្មេងតូចៗនេះមិនអាចដំណើរការចាក់បានលឿននោះទេ គឺយើងធ្វើទៅ តាមសម្រួល ហើយក្រុមគ្រូពេទ្យនៅតែខិតខំសម្របសម្រួល និងមានក្រុមគ្រូពេទ្យ ប្រចាំការខ្លាចក្មេងណាមួយមានបញ្ហាសុខភាព ឬបញ្ហាអ្វីមួយ គឺបានជួយទាន់ពេលវេលា និងធ្វើឱ្យការងារនេះ ដំណើរការទៅបានរលូន។
លោកបានបន្តថា សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ដូសទី១ ជូនដល់ កុមារអាយុ០៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គឺចាក់ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ រហូតដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២។ ប៉ុន្តែដូសទី៣ ដែលជាដូសជំរុញ សម្រាប់កុមារអាយុ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ និងអ្នកដែលត្រូវចាក់ដូសទី៤ គឺចាក់ជា រៀងរាល់ថ្ងៃ។
អ្នកស្រី ដោក ណាវី ជាប្រជាពលរដ្ឋរស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបាននាំកូនទៅចាក់វ៉ាក់សាំងនេះ បានបង្ហាញថា អ្នកស្រីពិតជាមានការ សប្បាយចិត្តនិងថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ ជាពិសេសក្មេងៗតូចដែលត្រូវបានចាក់នៅពេលនេះ។ អ្នកស្រីបន្តថា កន្លងមកនេះ គឺមានការ បារម្ភជាខ្លាំងចំពោះកូនរបស់គាត់ដែលទើបតែមានអាយុ៣ឆ្នាំ ដោយមិនទាន់បានចាក់ វ៉ាក់សាំងនឹងគេ ហើយមេរោគកូវីដ១៩ក៏បានរាតត្បាតឡើងវិញ។ តែពេលនេះពិតជាមានការ អរគុណដល់សម្តេចដែលផ្តល់វ៉ាក់សាំងដល់កូនគាត់។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងដល់ប្រជាពលរដ្ឋដែល មានកូនអាយុ០៣ឆ្នាំ ដល់ក្រោម០៥ឆ្នាំ និងកុមារអាយុ ០៦ឆ្នាំទៅ ១២ក្រោមឆ្នាំ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ឱ្យយកកូនទៅចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់)ដូសទី១ សម្រាប់កុមារអាយុ០៣ឆ្នាំ ដល់ក្រោម០៥ឆ្នាំ និងដូសជំរុញសម្រាប់កុមារ អាយុ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ដែលមាន ២២ទីតាំង នៅគ្រប់បណ្តាមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំងអស់ នៅទូទាំងខេត្តសៀមរាប៕



ប្រភព៖ ក្រសួងព័ត៌មាន