ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមប្រុងប្រយ័ត្នចំពោះចរន្តអគ្គិសនី! កាលពីយប់មិញនេះ ឆ្លងចរន្តអគ្គិសនី បណ្ដាលឱ្យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងអស់ជាង ១០ខ្នងផ្ទះ និងបំផ្លាញសម្ភារៈខូចខាតអស់ទាំងស្រុង

    BY Khmernote Media February 24, 2022
    សូមប្រុងប្រយ័ត្នចំពោះចរន្តអគ្គិសនី! កាលពីយប់មិញនេះ ឆ្លងចរន្តអគ្គិសនី បណ្ដាលឱ្យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងអស់ជាង ១០ខ្នងផ្ទះ និងបំផ្លាញសម្ភារៈខូចខាតអស់ទាំងស្រុង

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​
    នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋជាង ១០ខ្នងផ្ទះ និងបានបំផ្លាញសម្ភារៈអស់ទាំងស្រុង រួមទាំងម៉ូតូ ២គ្រឿង។

    ក្នុងគ្រោះអគ្គិភ័យខាងលើនេះ គឺមិនបានបណ្តាលឲ្យមានអ្នករងរបួសឡើយ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង ១និង១៥នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចផ្លូវបេតុង ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយត្រូវបានរលត់ទៅវិញហើយ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១២គ្រឿង។

    លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រាប់ឲ្យដឹងថា នៅក្នុងរង្វង់នៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ រថយន្ដពន្លត់អគ្គិភ័យ ចំនួន ១២គ្រឿង ក្នុងនោះការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៧ឡាន និងរថយន្តក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន ៩គ្រឿង ប្រើប្រាស់ទឹកអស់ ៩ឡាន។ ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ពុំបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសឡើយ។ ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញអស់ផ្ទះ ១៣ខ្នងផ្ទះ និងម៉ូតូ ២គ្រឿង។

    យ៉ាងណាមិញសម្រាប់ប្រតិបត្តិការខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការគ្រប់គ្រងបាននៅវេលាម៉ោង ២និង១៥នាទីទៀបភ្លឺ ចំពោះមូលហេតុដែលនាំឲ្យមានអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីការ ឆ្លងចរន្តអគ្គិសនី៕

    ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ

    Share This Post: