ក្រសួងសុខាភិបាល ប្រកាសហាមឃាត់ការចែកចាយលក់ឱសថ Digest Goldគ្មានលេខបញ្ជីកា
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា ដើម្បីខាតបង់ប្រាក់ និងគុណភាព ក្រសួងសុខាភិបាល បានប្រកាសហាមឃាត់ចំពោះការចែកចាយឬលក់ឱសថ Digest Gold គ្មានលេខបញ្ជីកា នៅតាមបណ្តាញសង្គមហ្វេសប៊ុក។

ក្រសួងសុខាភិបាលកាលពីពេលថ្មីៗនេះបានចេញសេចក្តីជូនដំណឹង ស្ដីពីការហាមឃាត់ការចែកចាយ ឬលក់ឱសថ Digest Gold គ្មានលេខបញ្ជីកាបានលើកឡើងថា យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (facebook) មានគណនីឈ្មោះ LIZA SHOPសម្រស់និងសុខភាព បាននិងកំពុងផ្សព្វផ្សាយលក់ឱសថ Digest Gold គ្មានលេខទិដ្ឋាការ ឬបញ្ចីកា និងគ្មានច្បាប់អនុញ្ញាតឱ្យផ្សព្វផ្សាយ ពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។
ក្រសួងបានលើកឡើងថា អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថត តម្រូវឱ្យរាល់ការចរាចរឱសថ ឬផលិតផលដែល មានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬបញ្ចីកា ពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងនេះត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល។
ក្រសួងបញ្ជាក់ថា «ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថគ្មានលេខទិដា្ឋការ ឬបញ្ចីកា ពីក្រសួងសុខាភិបាលខាងលើជាបន្តទៀត។ ព្រោះផលិតផលនេះ គ្មានប្រភពច្បាស់លាស់ ដែលមិនអាចធានាបាននូវគុណភាព និងសុវត្តិភាពបានឡើយ» ។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀត ដែលបាននិងកំពុងផ្សព្វផ្សាយលក់ឱសថ Digest Gold ទៅតាមច្បាប់ស្ដីពីច្បាប់វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថជាធរមាន ៕


ប្រភព៖ ក្រសួងព័ត៌មាន