អគ្គស្នងការដ្ឋាននគរបាលជាតិ បំភ្លឺពាក់ព័ន្ធនឹងព័ត៌មានប្រឌិត ស្តីពីករណីថាមានទាសករលក់ឈា-មនៅកម្ពុជា នៅតំបន់ឆៃណាថោន ខេត្តព្រះសីហនុ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជម្រាបជូនអ្នកសារព័ត៌មាន សាធារណជន និងបណ្ដាញទំនាក់ទំនងសង្គម ដើម្បីទទួលជ្រាប ពាក់ព័ន្ធនឹងការចាប់បង្ខាំងជនជាតិចិន ធ្វើជាទាសករលក់ឈាម នៅតំបន់ឆៃណាថោន ខេត្តព្រះសីហនុ ដោយបានធ្វើឲ្យប៉ះពាល់បរិយាកាស និងចិត្តសាស្ត្រសង្គម ព្រមទាំងធ្វើឲ្យមានការភ័ន្តច្រឡំពីសំណាក់សាធារណៈមតិជាតិ និងអន្តរជាតិ។

អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមបញ្ជាក់ជូនថា៖ អង្គភាពជំនាញ បានចុះធ្វើការស្រាវជ្រាវ ស៊ើបអង្គេតជាបន្ទាន់ ដោយធ្វើការត្រួតពិនិត្យទីតាំងពាក់ព័ន្ធជាច្រើនកន្លែង និងប្រមូលចម្លើយសាក្សីមួយចំនួន ព្រមទាំងបានឃើញថា ព័ត៌មានខាងលើ ជាព័ត៌មានប្រឌិត ដែលរៀបចំដោយឈ្មោះ LIYA YUANLUN ភេទប្រុស ជនជាតិចិន អាយុ ៣១ឆ្នាំ (ស្នាក់នៅព្យាបាលនៅមន្ទីរពេទ្យប៊ីធនកម្ពុជា-ចិន រាជធានីភ្នំពេញ) និងអ្នកពាក់ព័ន្ធចំនួន ០៣នាក់ ដែលក្នុងនោះ៖
១.ឈ្មោះ LIYA YUANLUN ដែលអះអាងថា ជាជនរងគ្រោះ ធាតុពិតជនរូបនេះបានលួចឆ្លងដែនចូលប្រទេសកម្ពុជាដោយខុសច្បាប់ ប៉ុន្តែអាស្រ័យដោយមានជំងឺប្រចាំកាយ ក៏បានទាក់ទងមនុស្សមួយក្រុម ដើម្បីជួយរកវិធីដោះស្រាយបញ្ហារបស់ខ្លួន។
២.អ្នកពាក់ព័ន្ធចំនួន ០៣នាក់ គឺជាអ្នកជួយដល់ឈ្មោះ LIYA YUANLUN ក្នុងការរៀបចំគម្រោងប្រឌិតព័ត៌មានក្លែងក្លាយអំពីការបង្ខាំងមនុស្សធ្វើទារុណកម្ម និងធ្វើជាទាសករលក់ឈាម ដើម្បីជាលេសជួយដល់ឈ្មោះ LIYA YUANLUN គេចផុតពីការទទួលខុសត្រូវចំពោះមុខតាមផ្លូវច្បាប់នៅកម្ពុជា។
បច្ចុប្បន្ន ឈ្មោះLIYA YUANLUN និងអ្នកពាក់ព័ន្ធចំនួន ០៣នាក់ (ស្រី០១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ