មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ រថយន្តដឹកកម្មករតាមរោងចក្រជិត៤០០គ្រឿង ត្រូវបានកែច្នៃមកជារថយន្តមានសុវត្ថិភាព
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម ស៊ុំ សោភ័ណ្ឌ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា មានរថយន្តប្រភេទដឹកទំនិញដែលយកទៅដឹកជញ្ជូនកម្មករ និយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ចំនួន ៣៩៦គ្រឿងហើយ ដែលត្រូវបានកែច្នៃមកជារថយន្តមានសុវត្ថិភាពប្រសើរជាង ខណៈគោលបំណងឈានទៅរកលទ្ធភាពប្រើប្រាស់រថយន្តក្រុងនៅមិនទាន់អាចធ្វើការ ដោយសារកត្តាសេដ្ឋកិច្ចរបស់អ្នកបើកបរ និងកត្តាចូលរួមពីអ្នកធ្វើដំណើររួម និងអ្នកពាក់ព័ន្ធ។

ថ្លែងក្នុងសិក្ខាសាលាស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយនៅថ្ងៃទី២៨ ខែកុម្ភៈនេះ ឯកឧត្តម រដ្ឋលេខាធិការ បញ្ជាក់ថា ក្រសួងការងារ បានគាំទ្រឱ្យមានការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតមិនមានសុវត្ថិភាព មកជារថយន្តដែលមានសុវត្ថិភាពវិញ ប៉ុន្តែកត្តានេះ ទាមទារការគិតគូរពីគ្រប់ភាគីពាក់ព័ន្ធទាំងផ្នែករដ្ឋ ឯកជន សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងការចូលរួមពីអ្នកបើកបរ និងកម្មករនិយោជិត។
បើតាមការអះអាងរបស់លោក ជឿន សុធន ប្រធានរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស 7NG ស្ថិតនៅ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានរោងចក្រ១១រោងចក្រ និងមានកម្មករសរុបជាង៨ម៉ឺននាក់ បានឱ្យដឹងថា មានរថយន្តក្រុងចំនួន២៥០គ្រឿង ត្រូវបានប្រើជាមធ្យោបាយសម្រាប់ដឹកជញ្ជូនកម្មករនិយោជិតទៅមកបំពេញការងារ ដែលនេះជាការផ្លាស់ប្តូរពីយានយន្តដឹកទំនិញមកជារថយន្តមានសុវត្ថិភាពប្រសើរជាង។
ទោះជាបែបនេះក្តី លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការមូលនិធិបង្ការរបួសអាស៊ី បានស្នើសុំដល់ស្ថាប័នរាជរដ្ឋាភិបាល ពិសេសគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិនិត្យលទ្ធភាពណែនាំ និងកំណត់ឱ្យរោងចក្រសហគ្រាសនៅទូទាំងប្រទេស បង្កើត និងអនុវត្តគោលនយោបាយ ឬបញ្ជាផ្ទៃក្នុងសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្រិតរោងចក្រ និងសកម្មភាពនានាឱ្យបានជាទៀងទាត់ ព្រមទាំងផ្តល់ការគាំទ្របច្ចេកទេសសមស្របដល់រោងចក្រ សហគ្រាស ក្នុងការអនុវត្តនូវគោលនយោបាយ និងសកម្មភាពរបស់ពួកគេ។
លោកមានប្រសាសន៍ថា ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត ឬការពារកម្មករនិយោជិត គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់កម្លាំងពលកម្ម និងចំណូល ចំពោះការរីកចម្រើនរបស់រោងចក្រសហគ្រាស គ្រួសារ សហគមន៍ និងសេដ្ឋកិច្ចជាតិ ដោយសារគ្រោះថ្នាក់ចរាចរណ៍នាំដល់ការខាតបង់ប្រយោជន៍ទាំងរាជរដ្ឋាភិបាល រោងចក្រ អ្នកពាក់ព័ន្ធក្នុងឧស្សាហកម្ម និងសង្គមទាំងមូល។ យោងតាមរបាយការណ៍ពីបេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស ដែលបានសិក្សានៅក្នុងឆ្នាំ២០២០ បាន ឱ្យដឹងថា នៅក្នុងចំណោមរថយន្តដែលផ្តល់សេវាដឹក ជញ្ជូនកម្មករនិយោជិតទៅមកបំពេញការងារ មានជិត ៤.០០០គ្រឿង ក្នុងនោះប្រមាណ៦០ភាគរយ គឺជារថយន្តប្រភេទដឹកទំនិញ ហើយមានអាយុកាលប្រើប្រាស់យូរឆ្នាំ និងចាស់ទ្រុឌទ្រោម។
របាយការណ៍ ប.ស.ស ដដែល បានបង្ហាញដែរថា បើទោះបីជាករណីគ្រោះថ្នាក់ភាគច្រើនកើតមានឡើងលើកម្មករដែលធ្វើដំណើរតាមទោចក្រយានយន្ត (ម៉ូតូ) ផ្ទាល់ខ្លួនក្តី ប៉ុន្តែកម្មករនិយោជិតដែលធ្វើដំណើរតាមរថយន្តដឹកកម្មកររួម នៅតែបន្តទទួលរងគ្រោះនៅពេលធ្វើដំណើរទៅមកបំពេញការ ងារ។ បើគិតជាមធ្យមក្នុងមួយខែៗ មានករណីគ្រោះថ្នាក់លើរថយន្តដឹកកម្មកររួមបែបនេះយ៉ាងតិចណាស់ក៏មួយករណីដែរ និងបណ្តាលឱ្យកម្មករនិយោជិតរងរបួសធ្ងន់ស្រាលជាច្រើនសិបនាក់ក្នុងករណីនីមួយៗ និងករណីខ្លះរហូតដល់ស្លាប់ ឬពិការជាច្រើននាក់៕


ប្រភព៖ ក្រសួងព័ត៌មាន