ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបញ្ជាក់ថា ការយកឱសថប្រឆាំងជំងឺកូវីដ១៩ ប្រភេទ Molnupiravir មកលេបមុនពេលវិជ្ជមានកូវីដ អាចបង្កគ្រោះថ្នាក់ដល់សុខភាព

    BY Khmernote Media March 1, 2022
    មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបញ្ជាក់ថា ការយកឱសថប្រឆាំងជំងឺកូវីដ១៩ ប្រភេទ Molnupiravir មកលេបមុនពេលវិជ្ជមានកូវីដ អាចបង្កគ្រោះថ្នាក់ដល់សុខភាព

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួង សុខាភិបាលបញ្ជាក់ថា ការយកឱសថប្រឆាំងជំងឺកូវីដ ១៩ប្រភេទ Molnupiravir មកលេបមុនពេលវិជ្ជមានកូវីដ អាចបង្កគ្រោះថ្នាក់ដល់សុខភាព ព្រោះឱសថព្យាបាលកូវីដ១៩ មានប្រសិទ្ធភាពទៅលើ តែអ្នកជំងឺដែលធ្វើតេស្តមានវិជ្ជមានកូវីដតែប៉ុណ្ណោះ។

    អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកជំទាវវេជ្ជបណ្ឌិតឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្រប ខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា ឱសថព្យាបាលជំងឺកូវីដ១៩ MOLNATRIS ឬ Molnupiravir គឺជាថ្នាំសម្រាប់តែព្យាបាលតែប៉ុណ្ណោះ មិនមែនជាថ្នាំសម្រាប់លេបបង្ការទុកជាមុន ដើម្បីការពារកុំឱ្យឆ្លងកូវីដ ឬមុនពេលធ្វើតេស្តរកកូវីដ១៩នោះទេ ព្រោះការប្រើប្រាស់បែប នេះ នឹងបង្កឱ្យមានគ្រោះថ្នាក់ទៅដល់សុខភាព។

    លោកជំទាវបន្តថា ក្រសួងសុខាភិបាលបានធ្វើការណែនាំ ក្រើនរំលឹកអំពីនីតិវិធីស្តង់ ដារ ដែលត្រូវប្រកាន់យក និងអនុវត្តសម្រាប់ការថែទាំព្យាបាលអ្នកជំងឺកូវីដ១៩នៅតាមផ្ទះសម្បែង ហើយនៅក្នុងនោះ ថ្វីត្បិតតែមានការលើក ឡើងអំពីការប្រើប្រាស់នូវឱសថMolnupiravir ក៏ពិតមែន ប៉ុន្តែការដាក់ឱ្យប្រើប្រាស់ឱសថនេះ គឺសម្រាប់អ្នកដែលរកឃើញវិជ្ជមានវីរុសកូវីដ ១៩ តែប៉ុណ្ណោះ មិនមែនសម្រាប់ទិញយកលេបការពារកុំឱ្យឆ្លងជំងឺកូវីដ១៩នោះទេ។

    លោកជំទាវបានបន្ថែមថា ការភ័យខ្លាចនេះ គឺជារឿងត្រឹមត្រូវ ប៉ុន្តែមិនត្រូវប្រើប្រាស់ថ្នាំខុសពីការណែនាំរបស់ក្រសួងសុខាភិបាលនោះទេ ព្រោះអ្វីដែលសំខាន់ ដើម្បីការពារកុំឱ្យឆ្លងវីរុសនេះ គឺត្រូវរួមគ្នាអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន នោះទើបអាចកាត់បន្ថយការឆ្លងជំងឺដ៏កាចសាហាវនេះបាន ។

    សំឡេង៖« បងប្អូនយើងមួយ ចំនួនមានការភាន់ច្រឡំ ដោយសារតែការចរាចររបស់វីរុសកូវីដ១៩ បច្ចុប្បន្ននេះ យើងបានរកឃើញជារៀង រាល់ថ្ងៃ ទើបធ្វើឱ្យពួកគាត់មានការភ័យខ្លាចខ្លាំងពេក ប៉ុន្តែក្នុងនោះការព្រួយបារម្ភ គឺជាការត្រឹមត្រូវ ហើយក៏ប៉ុន្តែយើងមិនត្រូវភ័យពេកហើយក៏មិនត្រូវហ៊ានពេកនោះដែរអ៊ីចឹងអ្វីដែលជាកត្តាសំខាន់គឺការការពារខ្លួនយើងទេ ហើយការដែលយើងនាំគ្នាសម្រុកទៅទិញឱសថ Molnupiravir ថ្វីដ្បិតតែយើងមិនទាន់រកឃើញវិជ្ជមានវីរុសកូវីដ១៩ផង ហើយយើងទៅទិញឱសថនោះយកមកប្រើប្រាស់ វាអត់ត្រឹមត្រូវនោះទេ គឺវាខុសលក្ខណៈបច្ចេក ទេសទៅហើយ។ ហើយខ្ញុំសូមបញ្ជាក់ទៀតថាឱសថនេះ មិនមែនយកទៅលេបដើម្បីការពារទេ ឱសថនេះគឺសម្រាប់អ្នកនៅពេលណា ដែលគាត់ធ្វើតេស្តរហ័សឃើញថាមានពីរឆ្នូតគឺមានវិជ្ជមានកូវីដ១៩ អ៊ីចឹងការ ណែនាំរបស់ក្រសួងសុខាភិបាល គឺសុំឱ្យគាត់ចាប់ផ្ដើមដើម្បីពិសាថ្នាំMolnupiravir ក្នុងរយៈពេល៥ថ្ងៃ ។»

    លោកជំទាវរដ្ឋលេខាធិការក្រើនរំលឹកថា ទោះបីជាប្រជាពលរដ្ឋសម្រុកទិញឱសថ Molnupiravir ដើម្បីយកមកស្តុកទុក ប៉ុន្តែប្រជាពលរដ្ឋខ្វះនូវការអនុវត្តន៍វិធានការការពារ ដូចនេះលទ្ធភាពនៃការឈឺ របស់ក្រុមគ្រួសារ នឹងមានគ្រប់ពេលវេលាទាំងអស់។

    ដូច្នេះហើយ លោកជំទាវ ទទូចឱ្យប្រជាពលរដ្ឋ ទាំងអស់ត្រូវតែរួមគ្នាការពារធ្វើ យ៉ាងណារួមគ្នាទប់ស្កាត់ល្បឿន នៃការឆ្លងនៃវីរុសកូវីដ១៩ ជាពិសេសប្រភេទអូមីក្រុងនេះ កុំឱ្យឆ្លងទៅក្នុងសហគមន៍លឿនពេក ព្រោះនៅពេលដែលឆ្លងលឿន គឺពិបាកក្នុងការគ្រប់គ្រង។ លោកជំទាវអំពាវនាវយ៉ាងទទូច ឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បន្ថែមទៀត ដោយត្រូវបន្តអនុវត្តវិធានការ០៣ការពារ និង០៣កុំ រួមជាមួយនឹងការទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ហើយត្រូវរៀនរស់ជាមួយនឹងវត្តមានវីរុស- ១៩ តាមគន្លងប្រក្រតីភាពថ្មី ខណៈដែលមេរោគបំប្លែងខ្លួនថ្មីអូមីក្រុងនេះ មានវិសាល ភាពឆ្លងឆាប់រហ័សក្នុងសហគមន៍ និងមានករណីស្លាប់ជារៀងរាល់ថ្ងៃ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: