ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ឃួង ស្រេង៖ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ និងដូសមូលដ្ឋានជូនប្រជាពលរដ្ឋ កម្មករ ជាជម្រើសដ៏ល្អបំផុតក្នុងការការពារជំងឺកូវីដ

    BY Khmernote Media March 2, 2022
    ឯកឧត្តម ឃួង ស្រេង៖ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ និងដូសមូលដ្ឋានជូនប្រជាពលរដ្ឋ កម្មករ ជាជម្រើសដ៏ល្អបំផុតក្នុងការការពារជំងឺកូវីដ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញជូនប្រជាពលរដ្ឋ ក៏ដូចជា កម្មករ កម្មការិនី នៅតាមបណ្តារោងចក្រនានានៅក្នុងរាជធានីភ្នំពេញ គឺជាជម្រើសដ៏ល្អបំផុត ក្នុងការការពារជំងឺរាត ត្បាតឆ្លងជំងឺ ពិសេសជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង។ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ខណ្ឌ ត្រូវជំរុញឱ្យប្រជាពលរដ្ឋ កម្មកររោងចក្រទាំងអស់ ទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញនេះឱ្យបានគ្រប់គ្នា។

    ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញមានប្រសាសន៍បែបនេះនៅក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Conference ) ស្ដីពីការជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃ១៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២ ជាមួយនឹងអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

    ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មការិនីរោងចក្រ គឺជាជម្រើសដ៏ល្អបំផុតក្នុងការការពារជំងឺកូវីដ-១៩ ពិសេសប្រភេទ អូមីក្រុង។ ករណីនេះ ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសអាជ្ញាធរខណ្ឌ ដែលមានរោងចក្រនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ត្រូវបង្កើតក្រុមការងារមួយ ដើម្បីចាក់វ៉ាក់សាំងជូនកម្មករ កម្មការិនី នៅតាមរោងចក្រ។ ក្រុមការងារ ត្រូវធ្វើទំនាក់ទំនងជាមួយម្ចាស់រោងចក្រ សហគ្រាសនានា ដើម្បីទទួលនូវព័ត៌មានថា កម្មករ កម្មការិនីប៉ុន្មាននាក់ ដែលមិនទាន់បានទទួលនូវការចាក់វ៉ាក់សាំងដូសជំរុញនេះ គឺយើងទៅចាក់វ៉ាក់សាំងដូសជំរុញនេះដល់រោចក្រតែម្តង។

    ឯកឧត្តម ក៏បានធ្វើការណែនាំដល់អាជ្ញាធរខណ្ឌ សង្កាត់ ភូមិធ្វើយ៉ាងណាជំរុញប្រជាពល រដ្ឋឱ្យទៅចាក់វ៉ាក់សាំងដូសជំរុញនេះឱ្យបានគ្រប់គ្នាផងដែរ ដោយត្រូវធ្វើស្ថិតិឱ្យបានច្បាស់ លាស់ ពីប្រជាពលរដ្ឋណាដែលមិនទាន់បានចាក់ ហើយយើងត្រូវធ្វើលិខិតអញ្ជើញឱ្យពួកគាត់ទៅទទួលការចាក់វ៉ាក់សាំង នៅតាមណ្ឌលសុខភាពដែលនៅជិតលំនៅឋានរបស់ពួកគាត់តែ ម្តង។

    ឯកឧត្តមបន្តថា អាជ្ញាធរខណ្ឌ សង្កាត់ ភូមិ ត្រូវជំរុញអាណាព្យាបាលកុមារ អាយុចាប់ពី៣ឆ្នាំទៅ៥ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងដូសមូលដ្ឋានឱ្យបានគ្រប់គ្នា ដោយឯកឧត្តមបញ្ជាក់ថា ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ កុមារអាយុ៣ឆ្នាំ ទៅ៥ឆ្នាំ ទទួលបានការចាក់វ៉ាក់សាំងប្រមាណជាង ២ម៉ឺននាក់ហើយ តែយើងត្រូវជំរុញឱ្យអាណាព្យាបាលនាំ កុមារអាយុ៣ឆ្នាំទៅ ៥ឆ្នាំនេះ ទៅទទួលការចាក់វ៉ាក់សាំងជូនកុមារឱ្យបានគ្រប់ៗ គ្នា។

    ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានជំរុញ និងណែនាំឱ្យអាជ្ញាធរខណ្ឌទាំងអស់ ធ្វើការផ្សព្វផ្សាយពីវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមភោជនីយដ្ឋាននានា ដើម្បីឱ្យពួកគាត់ចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩នេះ ឱ្យបានហ្មត់ចត់។

    ក្រៅពីវិធានការដូចជាបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ក៏បានការណែនាំឱ្យអាជ្ញាធរខណ្ឌទាំងអស់ ពង្រឹងឡើងវិញនូវកិច្ចការងាររៀបចំសណ្ដាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរផងដែរ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: