រាជរដ្ឋាភិបាលជំរុញដល់អាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋនៅមូលដ្ឋានទាំងអស់ ត្រូវចូលរួមទប់ស្កាត់និងបង្ក្រាបឱ្យបានភ្លាមៗ នូវរាល់បទល្មើសបំផ្លាញសំណង់បុរាណនិងបុរាណដ្ឋាន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានជំរុញដល់អាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋនៅមូលដ្ឋានទាំងអស់ ត្រូវចូលរួមទប់ស្កាត់ និងបង្ក្រាបឱ្យបានភ្លាមៗនូវរាល់បទល្មើសបំផ្លាញសំណង់បុរាណនិងបុរាណដ្ឋាននានានៅទូទាំងប្រទេស ខណៈបទល្មើសបំផ្លាញ សំណង់បុរាណនេះនៅតែកើតមានជារៀងរាល់ថ្ងៃ។

ថ្លែងក្នុងពិធីប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៤ ឆ្នាំ២០២២ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នៅសាលសន្និសីទចតុម្មុខ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច និងជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការអភិរក្សនិងការអភិវឌ្ឍន៍វប្បធម៌ជាតិ អាចប្រកបដោយចីរភាពទៅបាន គឺអាស្រ័យដោយមានការចូលរួមពីសំណាក់ប្រពលរដ្ឋ គ្រប់រូប ពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលមានមរតកវប្បធម៌ស្ថិតនៅ។ ក្នុងន័យនេះ លោកជំទាវក៏បានស្នើសុំអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋនៅមូលដ្ឋានទាំងអស់ ត្រូវចូលរួមទប់ស្កាត់និងបង្ក្រាបឱ្យបានភ្លាមៗ នូវរាល់បទល្មើសបំផ្លាញសំណង់បុរាណ និងបុរាណដ្ឋានដែលកំពុងកើតឡើងស្ទើររាល់ថ្ងៃនៅទូទាំងប្រទេស។
លោកជំទាវបញ្ជាក់ថា ការថែរក្សាការពារតឹកតាងប្រវត្តិសាស្ត្រនិងវប្បធម៌អាចទទួលបានជោគជ័យនិងមាននិរន្តរភាពទៅបាន គឺតម្រូវឱ្យមានការចូលរួមគាំទ្រនិងជ្រោមជ្រែងពីគ្រប់មជ្ឈដ្ឋានទាំងអស់ ពិសេសអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងតំបន់បេតិកភណ្ឌ។
ជាមួយគ្នានេះដែរ ទោះបីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានធ្វើការផ្សព្វផ្សាយច្រើនអំពីសារៈសំខាន់នៃវប្បធម៌ និងគោលការណ៍ ច្បាប់ ពាក់ព័ន្ធបទល្មើសបុរាណដ្ឋានយ៉ាងណាក្ដី លោកជំទាវក៏សូមស្នើក្រសួងធ្វើការងារនេះបន្តទៀត ឱ្យបានជាប់លាប់ដូចភ្លៀង រលឹម ពិសេសក្នុងចំណោមព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ យុវជន និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បេតិកភណ្ឌវប្បធម៌ ព្រមទាំង ត្រូវរៀបចំឱ្យមានផែនទីហានិភ័យនៃសំណង់បុរាណទាំងអស់ ដើម្បីងាយស្រួលគ្រប់គ្រងនិងធ្វើអន្តរាគមន៍ឱ្យបានទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់លើសំណង់បុរាណដែលមានភាពទ្រុឌទ្រោមខ្លាំង ហើយក្រសួងត្រូវដោះស្រាយបញ្ហាឱ្យអស់លទ្ធភាព និងគ្រប់មធ្យោបាយដែលមាន ដោយប្រើប្រាស់គ្រប់វិធានការទាំងអស់ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសតាមបុរាណដ្ឋាន រួមទាំងវិធានការផ្លូវច្បាប់ផងដែរ៕




ប្រភព៖ ក្រសួងព័ត៌មាន