រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេល ដែលអាចធ្វើឲ្យគុណភាពទឹកមានភាពល្អក់កកក្រោយពេលជីកកាត់តភ្ជាប់បំពង់មេរួច
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមគោរពជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក-លោកស្រី មេត្តាជ្រាបថា៖

កាលពីយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ក្រុមការងារជំនាញរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានជីកកាត់បំពង់មេនាំទឹកស្អាតទំហំ១០០០មម តភ្ជាប់ទៅបំពង់មេទំហំ៦០០មម នៅចន្លោះស្ពានជ្រោយចង្វារទាំងពីរត្រើយខាងកើត ដើម្បីផ្គត់ផ្គង់ទឹកស្អាតចូលតំបន់អភិវឌ្ឍន៍ OCIC សម្រាប់ការប្រើប្រាស់ ក្នុងខណ្ឌជ្រោយចង្វារ។
យោងតាមការអនុវត្តខាងលើជាហេតុនាំឲ្យក្នុងភូមិសាស្ត្រ សង្កាត់ជ្រោយចង្វារ និងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០២២ មានសម្ពាធទឹកខ្សោយ។ ការងារជីកកាត់តភ្ជាប់បំពង់មេនាំទឹកទំហំ ១០០០មម ទៅទំហំ ៦០០មម ខាងលើនេះ តម្រូវឲ្យ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលប្រមាណជា ០៨ម៉ោង គឺចាប់ពីម៉ោង ២០៖០០នាទីយប់ ដល់ម៉ោង ០៤៖០០នាទីទៀបភ្លឺ និងអាចធ្វើឲ្យគុណភាពទឹកមានភាពល្អក់កកក្រោយពេលជីកកាត់តភ្ជាប់បំពង់មេនេះរួចនៅក្នុងភូមិសាស្ត្រខាងលើ។
សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូម សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក-លោកស្រី មេត្តាករុណាអធ្យាស្រ័យដោយក្តីអនុគ្រោះ ៕



ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority