មន្ត្រីជំនាញ ចុះធ្វើតេស្តនៅឃ្លាំងស្ដុក លក់ និងចែកចាយមើមខ្ទឹមមួយកន្លែង រកឃើញសារធាតុសំណល់ថ្នាំកសិកម្ម និងផ្អាកចរាចរជាបណ្ដោះអាសន្ន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញបានចូលរួមសហការជាមួយក្រុមការងារចំពោះកិច្ចអនឡាញ និងកម្មសិទ្ធិបញ្ញាចុះត្រួតពិនិត្យលើឃ្លាំងស្ដុក លក់ និងចែកចាយនូវមើមខ្ទឹមមួយកន្លែងស្ថិតនៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។

គោលបំណងនៃការត្រួតពិនិត្យគឺដើម្បីស្វែងរកភាពអនុលោមលើទំនិញ និងធានាថាទំនិញនោះមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ជាលទ្ធផលមន្រ្តីជំនាញបានស្រង់យកគំរូសំណាកចំនួន ៨ធ្វើតេស្តបឋមនៅនឹងកន្លែង ដោយរកឃើញ ៣គំរូសំណាកមានវិជ្ជមានសារធាតុសំណល់ថ្នាំកសិកម្មដែលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដោយការផ្អាកចរាចរបណ្ដោះអាសន្ននូវទំនិញទាំងនោះ និងបន្តយកគំរូសំណាកមកវិភាគនៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានបន្តទៀតឱ្យកាន់តែច្បាស់។
នៅថ្ងៃដដែលនោះដែរ មន្រ្តីជំនាញ ក.ប.ប. រាជធានីភ្នំពេញ និងក្រុមការងារចំពោះកិច្ចអនឡាញនិងកម្មសិទ្ធិបញ្ញានៃអគ្គនាយកដ្ឋាន ក.ប.ប. បានចូលរួមជាមួយព្រះរាជអជ្ញារងរាជធានីភ្នំពេញ និងគណៈកម្មាធិការប្រឆាំងបទល្មើសក្លែងក្លាយចុះឆែកឆេរនៅឃ្លាំងស្ដុកលក់ និងចែកចាយផលិតផលមួយកន្លែងដើម្បីស្វែករកភាពមិនអនុលោមភាពផ្សេងៗផងដែរ ៕






ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF