ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ នឹងចាប់ផ្ដើមទទួលពាក្យសុំប្រឡងប្រជែងរើសសិស្សចៅក្រមផ្ទៃក្នុង ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២២ ខែមីនា

    BY Khmernote Media March 10, 2022
    រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ នឹងចាប់ផ្ដើមទទួលពាក្យសុំប្រឡងប្រជែងរើសសិស្សចៅក្រមផ្ទៃក្នុង ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២២ ខែមីនា

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងយុត្តិធម៌ នៅថ្ងៃទី០៩ ខែមីនា​ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ដល់មន្ត្រីរាជការក្នុងវិស័យយុត្តិធម៌ និងក្រឡាបញ្ជីទាំងអស់ នៃក្រសួងយុត្តិធម៌ មេត្តាជ្រាបថា រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ នឹងចាប់ផ្ដើមទទួលពាក្យសុំប្រឡងប្រជែងរើសសិស្សចៅក្រមផ្ទៃក្នុង ជំនាន់ទី២ សម្រាប់ឆ្នាំសិក្សា២០២២-២០២៤ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី១០ ដល់ថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២។

    បេក្ខជនដែលអាចដាក់ពាក្យស្នើសុំចូលរួមក្នុងការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមផ្ទៃក្នុងជំនាន់ទី២នេះ ត្រូវបំពេញលក្ខខណ្ឌ ដូចខាងក្រោម៖

    ១.ត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រច្បាប់ឡើងទៅ
    ២.ត្រូវមានបទពិសោធន៍ក្នុងវិស័យច្បាប់ ឬយុត្តិធម៌ យ៉ាងតិច៥ (ប្រាំ) ឆ្នាំ
    ៣.មានអាយុមិនលើសពី ៤៥ ឆ្នាំ គិតមកដល់ថ្ងៃប្រឡង
    ៤.មិនដែលមានទោសពីបទមជ្ឈិម ឬបទឧក្រិដ្ឋ
    ៥.ត្រូវមានកាយសម្បទាគ្រប់គ្រាន់អាចបំពេញការងារបាន។

    បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចទាញយកពាក្យសុំចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមផ្ទៃក្នុង ជំនាន់ទី២ ពីគេហទំព័រផ្លូវការរបស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដែលមានអាសយដ្ឋាន www.rajp.gov.kh ឬទំព័រហ្វេសប៊ុករបស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការឈ្មោះ Royal Academy For Judicial Professions ដើម្បីបំពេញបែបបទ និងអញ្ជើញមកដាក់ពាក្យដោយផ្ទាល់ នៅការិយាល័យរដ្ឋបាលនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ក្នុងអំឡុងកាលបរិច្ឆេទកំណត់ខាងលើ នៅរៀងរាល់ម៉ោងធ្វើការ ៕

    ប្រភព៖ ក្រសួងយុត្តិធម៌ Ministry of Justice

    Share This Post: