ក្រសួងការងារ ដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៏ ជាលទ្ធផលអតីតបុគ្គលិកចំនួន ១៤៧នាក់ ក្នុងចំណោម ៣៧៣នាក់ ទទួលយកការទូទាត់
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹង ស្ដីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៏ ឲ្យបានជ្រាបថា វិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៏នេះ គឺផ្ដើមចេញពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានធ្វើឲ្យអាជីវកម្មមួយចំនួនក្នុងវិស័យទេសចរណ៍ សេវាកម្សាន្ត កាស៊ីណូ និងបដិសណ្ឋារកិច្ចនៅទូទៅពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជា ត្រូវបានផ្អាកសកម្មភាពអាជីវកម្ម ឬត្រូវរៀបចំដំណើរការឡើងវិញ ដោយត្រូវកាត់បន្ថយបុគ្គលិក និងអនុវត្តវិធានការសុខាភិបាល។

នៅខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនបានជូនដំណឹងដល់សហជីព និងការប្រជុំជាមួយតំណាងកម្មករនិយោជិតអំពីគម្រោងកាត់បន្ថយបុគ្គលិកក្នុង ១២ផ្នែក។ កម្មករនិយោជិតចំនួន ៣៧៣នាក់ ដែលជាសមាជិកសហជីព បានជំទាស់នឹងគម្រោងកាត់បន្ថយបុគ្គលិកហើយទាមទារឲ្យក្រុមហ៊ុនទទួលយកខ្លួន និងអតីតបុគ្គលិកផ្សេងទៀតចូលធ្វើការវិញ រួមនឹងការទាមទារផ្សេងៗទៀត។
តបតាមការសម្របសម្រួលដោះស្រាយរបស់ក្រសួង មានបងប្អូនអតីតបុគ្គលិកជាបន្តបន្ទាប់បានយល់ព្រមទទួល យកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលគិតមកដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ មានអតីតបុគ្គលិកចំនួន ១៤៧នាក់ ក្នុងចំណោម ៣៧៣នាក់ ទទួលយកការទូទាត់ ដែលធ្វើឲ្យចំនួនអតីតបុគ្គលិក ដែលមិនព្រមទទួលយកសំណងនៅសល់ត្រឹមតែ ២២៦នាក់ប៉ុណ្ណោះ។
ជាថ្មីម្តងទៀត ដោយផ្អែកតាមនីតិវិធីជាធរមានដែលមានកំណត់នៅក្នុងច្បាប់និងក្នុងគោលបំណងឈានទៅ បញ្ចប់ករណីវិវាទនេះដោយសន្តិវិធី ក៏ដូចជាដើម្បីរក្សាបាននូវផលប្រយោជន៍របស់ភាគីកម្មករនិយោជិត ភាគីនិយោជក និងដើម្បីរួមចំណែកក្នុងការរក្សាផលប្រយោជន៍សាធារណៈ ក្រសួងសូមអំពាវនាវដល់បងប្អូនបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិករបស់ក្រុមហ៊ុន ណាហ្គាវើលដ៏ ដែលបានចូលរួមធ្វើបាតុកម្មដោយអវត្តមានពីកន្លែងការងារ សូមបញ្ឈប់នូវសកម្មភាពដែលបង្កជាកំហុសនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។ ក្រសួងនឹងបន្តសហការ ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយរាល់កង្វល់នានារបស់បងប្អូនបាតុករ ក៏ដូចជាគិតគូរផ្ដល់សិទ្ធិស្របច្បាប់របស់វិនិយោគិនផងដែរ៕



