ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹកនេះ កម្ពុជាប្រគល់រថយន្ដដឹកវ៉ាក់សាំងចំនួន ១០គ្រឿងបន្ថែមទៀត ដែលរាជរដ្ឋាភិបាលជូនដល់ប្រទេសឡាវ

    BY Khmernote Media March 12, 2022
    ព្រឹកនេះ កម្ពុជាប្រគល់រថយន្ដដឹកវ៉ាក់សាំងចំនួន ១០គ្រឿងបន្ថែមទៀត ដែលរាជរដ្ឋាភិបាលជូនដល់ប្រទេសឡាវ

    នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ រថយន្ដដឹកវ៉ាក់សាំង ចំនួន១០គ្រឿងបន្ថែមទៀត ដែលជាអំណោយរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ត្រូវរៀបចំពិធីប្រគល់ជូនរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនខេត្តចម្ប៉ាស័ក នៃប្រទេសឡាវ។

    ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន និងជាតំណាងសម្តេចតេជោនាយករដ្ឋមន្រ្តី ខណៈភាគីឡាវ មានការអញ្ជើញទទួលដោយផ្ទាល់ពីសំណាក់ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល។ ការសម្រេចផ្តល់រថយន្តដឹកវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាពេលនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បំផុត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះសុខភាពនិងសុខុមាលភាពរបស់ប្រជាជនឡាវ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា ក៏ដូចជាការពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងជាកាយវិការមនុស្សធម៌ប្រកបដោយបេះដូងដ៏ល្អប្រពៃពិតប្រាកដរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងន័យ «កម្ពុជាជាប្រទេសតូចតាចតែមានបេះដូងធំទូលាយ» ហើយកម្ពុជា ក៏តែងតែបាន និងកំពុងធ្វើ ដោយឈរលើស្មារតីមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការល្អ ប្រកបដោយការគិតគូរខ្ពស់ រួមគ្នាដោះស្រាយវិបត្តិនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេស និងនៅក្នុងតំបន់។

    អំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់កម្ពុជានាពេលនេះ នឹងរួមចំណែកបន្ថែមទៀតជូនដល់ប្រទេសឡាវ នៅក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩ ជាពិសេសលើកិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាជនឡាវឱ្យកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់៕

    Share This Post: