ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គម្រោងផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នៅដើមខែមេសា ២០២២ខាងមុខនេះ

    BY Khmernote Media March 12, 2022
    គម្រោងផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នៅដើមខែមេសា ២០២២ខាងមុខនេះ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា បន្ទាប់ពីបញ្ចប់ការសាងសង់ជាស្ថាពរកាលពីចុងខែធ្នូ ឆ្នាំ២០២១នោះ គម្រោងស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ។ ថ្លែងនៅក្នុងពិធីប្រកាសតែងតាំងអភិបាលរងខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ អភិបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បានលើកឡើងថា បើទោះជាស្ថិតក្នុងដំណាក់កាល នៃផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩ ធ្ងន់ធ្ងរក៏ដោយ ក៏រដ្ឋបាលខេត្ត ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើការកែលម្អសោភ័ណភាពក្រុងសៀមរាប ឱ្យបានកាន់តែល្អប្រសើរថែមទៀត។

    ជាក់ស្តែងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៣៨ខ្សែ ប្រព័ន្ធលូ ភ្លើងបំភ្លឺសាធារណ: និងកែលម្អស្ទឹងសៀមរាប ក្នុងក្រុងសៀមរាបគឺជាសមិទ្ធផលប្រវត្តិសាស្រ្តថ្មីមួយមិនអាចកាត់ថ្លៃបានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ខេត្តសៀមរាប ដែលមកដល់ពេលនេះយើងបានសម្រេច នៃការសាងសង់ផ្លូវបាន១០០% គឺនៅសេសសល់បន្តិចបន្តួច លើការងារបំពាក់ប្រព័ន្ធភ្លើងបំភ្លឺសាធារណ: និងការងារផ្សេងទៀត ហើយគ្រោងនឹងធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

    សូមជម្រាបថា អភិបាលរងខេត្តសៀមរាបថ្មីចំនួន២រូប ត្រូវបានប្រកាសតែងតាំងជាផ្លូវការ នៅព្រឹកថ្ងៃទី១១ ខែមីនាឆ្នាំ២០២២នេះ ក្នុងនោះមាន លោក ប្រាក់ សោភ័ណ ត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាប ជំនួសលោក ង៉ាន់ ភិរុណ ដែលត្រូវបានផ្ទេរភារកិច្ចទៅកាន់មុខតំណែងជា អគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ លោក អុឹង គឹមលាង អតីតអភិបាលរងខេត្តពោធិ៍សាត់ មកជាអភិបាលរងខេត្តសៀមរាបជំនួសលោក ពៅ ពិសិដ្ឋ ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តពោធិ៍សាត់វិញ៕ អត្ថបទ និងរូបភាព: លោកជា ស្រស់ កែសម្រួលដោយ លីវ សុខុន

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: