ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ធ្វើឲ្យប្រពន្ធបាត់បង់ជីវិត ដោយសារខឹងប្រពន្ធបង្ខំឱ្យផឹកទឹកក្រូចឆ្មា ខណៈខ្លួនមានជំងឺក្រពះ ជំងឺតម្រង​នោម និងកំពុងព្យាបាលជំងឺកូវីដ១៩

    BY Khmernote Media March 14, 2022
    សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ធ្វើឲ្យប្រពន្ធបាត់បង់ជីវិត ដោយសារខឹងប្រពន្ធបង្ខំឱ្យផឹកទឹកក្រូចឆ្មា ខណៈខ្លួនមានជំងឺក្រពះ ជំងឺតម្រង​នោម និងកំពុងព្យាបាលជំងឺកូវីដ១៩

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ចបានឃាត់ជនសង្ស័យម្នាក់ឈ្មោះ ស្រេង សុខ ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកំណើតនៅភូមិអង្គឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

    បច្ចុប្បន្នរស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ពាក់ព័ន្ធនិងករណីឃាតកម្មត្រូវនឹងថ្ងៃ០៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៥ និង៣០នាទីស្ថិតនៅផ្ទះភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

    លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលដឹកនាំការងារព្រហ្មទណ្ឌបានបញ្ជាក់ថា៖ មានករណីឃាតកម្មបង្កឡើងដោយជនសង្ស័យជាប្តីជនរងគ្រោះ បានធ្វើសកម្មភាពយកកាំបិតប័ុងតោកាប់ប្រពន្ធឈ្មោះ សោរ គឹមហៀង ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅក្នុងផ្ទះជាមួយគ្នាត្រង់កន្លែង.ក បណ្តាលអោយបាត់បង់ជីវិត រួចយកភួយគ្របជនរងគ្រោះហើយចាក់សោរទ្វាផ្ទះនិងរបង និងជិះម៉ូតូទៅជួបសមត្ថកិច្ចនៅម្តុំស្រះស្រង់ ហើយប្រាប់ដល់សមត្ថកិច្ចថាខ្លួនសម្លាប់ប្រពន្ធ។

    ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចក៏បាននាំជនសង្ស័យទៅកន្លែងកើតហេតុ ដោយឃើញថាពិតជាមានមនុស្សបាត់បង់ជិវិតពិតមែន។ តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានរុញប្រពន្ធធ្លាក់ពីលើកាំជណ្តើរ រួចយកកាំបិតប័ុងតោសម្លាប់ប្រពន្ធពិតមែន ដោយមូលហេតុជនសង្ស័យខឹងនឹងប្រពន្ធ មិនសូវយកចិត្តទុកដាក់ក្រុមគ្រួសាររបស់ខ្លួន និងបង្ខំអោយខ្លួនផឹកទឹកក្រូចឆ្មាសុទ្ធ ខណៈពេលដែរជនសង្ស័យមានជំងឺក្រពះ ជំងឺតម្រង​នោម និងកំពុងព្យាបាលជំងឺកូវីដ១៩។

    សមត្ថកិច្ច ក៏បាននាំជនសង្ស័យទៅយកសំណាកពាក់ព័ន្ធនិងជំងឺកូវីដ១៩ លទ្ធផលអវិជ្ជមាន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តនីតិវិធីបន្ត ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើការប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

    Share This Post: