ព័ត៌មានជាតិ

អ្នកបើកបរគ្រប់រូបចាំបាច់ត្រូវតែដឹង គំនូសសញ្ញា និងបង្គោលសញ្ញាចរាចរណ៍នេះ ពេលធ្វើដំណើរនៅតាមដងផ្លូវ

BY
Khmernote Media
March 14, 2022

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការពន្យល់បងប្អូនប្រជាពលរដ្ឋ ដើម្បីឲ្យយល់ដឹងពីការប្រើប្រាស់គំនូសសញ្ញា និងបង្គោលសញ្ញាចរាចរណ៍នៅតាមដងផ្លូវ ដែលអ្នកបើកបរគ្រប់រូបចាំបាច់ត្រូវតែដឹង។

១. គំនូសសញ្ញាទោលជាប់ បែងចែកទិសចរាចរណ៍ (SINGLE YELLOW SOLID LINE)៖ គំនូសសញ្ញាទោលជាប់ ពណ៌លឿង តាមបណ្ដោយទ្រូងផ្លូវ ប្រើសម្រាប់បែងចែកទ្រូងផ្លូវជាពីរទិសចរាចរណ៍ផ្ទុយគ្នា និងហាមបើកបរជាន់ ឬឆ្លងកាត់។ គំនូសសញ្ញានេះ ប្រើលើផ្លូវដែលមានចរាចរណ៍ធម្មតា។

២. គំនូសសញ្ញាកំណត់ជាយផ្លូវ (EDGE LINE)៖ គំនូសសញ្ញាជាប់ទោលពណ៌ស តាមបណ្ដោយជាយផ្លូវ ប្រើសម្រាប់កំណត់ជាយផ្លូវឱ្យយានជំនិះធ្វើចរាចរណ៍។

៣. បង្គោលសញ្ញាផ្លូវកោង (កោងគ្រោះថ្នាក់) GUIDE POST (AT DENGEROUS CURVE)៖ បង្គោលសញ្ញានេះ ប្រើសម្រាប់បង្ហាញ អ្នកបើកបរឱ្យដឹងពីផ្លូវកោងគ្រោះថ្នាក់ ដោយចុះឡើងចំណោត ឬមាត់ជ្រោះ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីទទួលបាននូវសុខសុវត្ថិភាពល្អ។ ជាមួយគ្នានេះដែរ ស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍លើបញ្ហាផ្លូវថ្នល់ដែលត្រូវជួសជុលថែទាំ ក៏ដូចជាករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប ផ្លាកសញ្ញា ឬបង្គោលសញ្ញាមានការបាក់បែក ដោយរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា​ ។

Share This Post: