លោកជំទាវ ឱ វណ្ណឌីន ៖ ការចាក់វ៉ាក់សាំងដូសទី២ សម្រាប់ក្រុមកុមារអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ត្រូវចាប់ផ្តើម៤សប្តាហ៍បន្ទាប់ពីការចាក់ដូសទី១
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ឆ្លើយតបទៅនឹងចម្ងល់មួយចំនួនរបស់ឪពុក-ម្តាយ ឬអាណាព្យាបាល ពីការចាក់វ៉ាក់សាំងដូសទី២ សម្រាប់ក្រុមកុមារអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានបញ្ជាក់នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះថា ការចាក់វ៉ាក់សាំងដូសទី២ សម្រាប់ក្រុមកុមារអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ត្រូវចាប់ផ្តើមចាក់៤សប្តាហ៍បន្ទាប់ពីការចាក់ដូសទី១។

លោកជំទាវវេជ្ជបណ្ឌិត បានបន្ថែមថា ៖ “ប្រហែលជាឪពុក-ម្តាយ ឬអាណាព្យាបាលមួយចំនួន មានការយល់ច្រឡំសម្រាប់ក្រុមមនុស្សធំ ដែលគម្លាតពីដូសទី១ ទៅដូសទី២ ត្រឹម១៤ថ្ងៃ ឬ២សប្តាហ៍ ដែលយើងបានអនុវត្តនៅពេលមុន ហើយដែលខ្ញុំធ្លាប់បានពន្យល់រួច ព្រមទាំងត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់រួចមកហើយដែរ។ ដូច្នេះហើយ ខ្ញុំសូមបញ្ជាក់ជូនជាថ្មីថា គម្លាតពីដូសទី១ ទៅដូសទី២ ត្រូវមានរយៈពេលយ៉ាងតិច២៨ថ្ងៃ ឬ៤សប្តាហ៍”។
ក្នុងឱកាសនោះផងដែរ លោកជំទាវវេជ្ជបណ្ឌិត ក៏បានអំពាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមកទទួលដូសជំរុញឱ្យបានគ្រប់ៗគ្នា (គម្លាត៤ខែបន្ទាប់ពីដូសទី២ សម្រាប់ដូសទី៣ និងគម្លាត៤ខែដូចគ្នា សម្រាប់ដូសទី៤) ហើយឪពុក-ម្តាយ ឬអាណាព្យាបាល ត្រូវនាំកូន-ចៅ មកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទាំងបន្តអនុវត្តវិធានការ០៣ការពារ និង០៣កុំ និងការរៀនរស់ជាមួយវត្តមាននៃវីរុសកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។
ដោយឡែក គិតត្រឹមយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ម្សិលមិញនេះ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បាននិងកំពុងបង្កើនល្បឿន និងទទួលបាននូវលទ្ធផលដ៏ល្អប្រសើរ ដោយក្រុមដែលមានអាយុ១៨ឆ្នាំឡើង សម្រេចចាក់បានចំនួន ១០ ២៥៣ ៨៩៧ នាក់ សម្រាប់ដូសទី១ និងចំនួន ៩ ៩០៣ ៦៣៩ នាក់ សម្រាប់ដូសទី២ ដែលស្មើនឹង ១០២.៥៤% នៃចំនួនប្រជាពលរដ្ឋសរុបប្រមាណ ១០លាននាក់។
សម្រាប់ក្រុមកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨២៧ ៧៥៩ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៥៩ ៤២៣ នាក់ ដែលស្មើនឹង ១០០.០៤% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។
ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០៣៨ ១៧៥ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩៥២ ៤៣៦ នាក់ ដែលស្មើនឹង ១០៧.៤២% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារអាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣៦៧ ៤៣៩ នាក់ សម្រាប់ដូសទី១ និងចំនួន ២៦៥ ៥៧៧ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១២០.៧៤%។
ជាមួយគ្នានេះសម្រាប់ក្រុមកុមារអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ វិញ អ្នកចាក់ដូសទី១ មានចំនួន ២៦២ ៦០០ នាក់ ដែលស្មើនឹង ៤៣.០០% នៃក្រុមគោលដៅសរុបដែលមានចំនួនប្រមាណ៦០ម៉ឺននាក់។
ជាសរុបរួម ស្ថិតិនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅកម្ពុជា សម្រេចបាន ១៤ ៧៥០ ១០០ នាក់ ដែលស្មើនឹង ៩២.១៩% នៃចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់។ ស្ថិតិនៃការចាក់វ៉ាក់សាំងនេះ ទាំងដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤ បាននិងកំពុងមានល្បឿនដ៏លឿន ហើយជាស្ថិតិមួយដ៏ខ្ពស់នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក៕

ប្រភព៖ ក្រសួងព័ត៌មាន