ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកស្រី ឱ វណ្ណឌីន អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នចំពោះជំងឺផ្ដាសាយបក្សីប្រភេទថ្មី Influenze A/H9 បន្ទាប់ពីរកឃើញមួយករណីលើកុមារ

    BY Khmernote Media March 14, 2022
    លោកស្រី ឱ វណ្ណឌីន អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នចំពោះជំងឺផ្ដាសាយបក្សីប្រភេទថ្មី Influenze A/H9 បន្ទាប់ពីរកឃើញមួយករណីលើកុមារ

    ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នចំពោះជំងឺផ្ដាសាយបក្សីប្រភេទថ្មី Influenze A/H9 បន្ទាប់ពីរកឃើញមួយករណីលើកុមារ នៅស្រុកជីក្រែង ខេត្តសៀមរាប។

    លោកស្រី ឱ វណ្ណឌីន បានអះអាងថា ជំងឺផ្ដាសាយបក្សីប្រភេទនេះកម្រនឹងឆ្លងណាស់ ប៉ុន្ដែបើទោះបីកម្រពិតមែនក្ដី ប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។ លោកស្រី បានបន្ដទៀតថា ជំងឺផ្ដាសាយបក្សីនេះ គឺមានអាការៈមិនខុសពីជំងឺកូវីដ១៩នោះទេ មានន័យថា អាការៈនៅពេលឆ្លងដូចគ្នាស្ទើរទាំងអស់ជាមួយជំងឺកូវីដ១៩។

    លោកស្រី ឱ វណ្ណឌីន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ជៀសវាងការប៉ះពាល់ជាមួយសត្វបក្សីគ្រប់ប្រភេទ ហើយកុំចូលទៅកសិដ្ឋានចិញ្ចឹមសត្វបក្សីជាដើម។ ដោយឡែក សម្រាប់អាជីវករលក់ដូរ ឬចិញ្ចឹមសត្វបក្សី ត្រូវតែប្រើប្រាស់មធ្យោបាយការពារខ្លួនឲ្យបានត្រឹមត្រូវ តាមរយៈការពាក់ម៉ាស់ និងស្រោមដៃ នៅពេលប៉ះពាល់ ហើយត្រូវតែលាងដៃជាមួយសាប៊ូក្រោយប៉ះពាល់សត្វបក្សី ។

    មន្ដ្រីជំនាញសុខាភិបាលបានបន្ថែមទៀតថា នៅពេលបរិភោគចំណីអាហារផ្សេងៗ ត្រូវតែចម្អិតឲ្យបានឆ្អិនល្អ ជៀសវាងទទួលទានសាច់ដែលមិនបានឆ្អិនល្អ និងសម្អាតមិនបានត្រឹមត្រូវ។ ដោយឡែក បន្លែ និងផ្លែឈើ ត្រូវលាងសម្អាត ហើយដាក់ដោយនៅដាច់ពីគ្នាជាមួយសាច់ដែលមិនឆ្អិន។ មួយវិញទៀត កាំបិត ជ្រុញ ត្រូវសម្អាតឲ្យបានស្អាត ជៀសវាងគ្រាន់តែជូតហើយមិនបានលាងសម្អាតជាមួយទឹកសាប៊ូ៕

    Share This Post: