ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធររាជធានីភ្នំពេញ៖ ស្ថាបនាកំណាត់ផ្លូវចំនួនពីរខ្សែបន្ថែម ដើម្បីរំដោះចរាចរណ៍ពីផ្លូវជាតិលេខ៦A ទៅមហាវិថីឈ្នះ ឈ្នះ

    BY Khmernote Media March 16, 2022
    អាជ្ញាធររាជធានីភ្នំពេញ៖ ស្ថាបនាកំណាត់ផ្លូវចំនួនពីរខ្សែបន្ថែម ដើម្បីរំដោះចរាចរណ៍ពីផ្លូវជាតិលេខ៦A ទៅមហាវិថីឈ្នះ ឈ្នះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមីនា ឆ្នា២០២២ បានឲ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញ បាន និងកំពុងស្ថាបនាកំណាត់ផ្លូវចំនួន ២ខ្សែបន្ថែមទៀត ដើម្បីលើកសោភ័ណភាពក្នុងរាជធានីភ្នំពេញ និងដើម្បីរំដោះចរាចរណ៍ពីផ្លូវជាតិលេខ៦A ទៅមហាវិថីឈ្នះឈ្នះ ពិសេសដើម្បីសម្រួលចរាចរណ៍ខណៈដែលកម្ពុជាត្រូវ ធ្វើជាម្ចាស់ផ្ទះនៃការប្រកួត កីឡាស៊ីហ្គេមនៅចុងឆ្នាំ២០២៣ខាងមុខនេះ។

    លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាន បញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះថា កំណាត់ផ្លូវ២ខ្សែនេះ ជាគម្រោង របស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ ដោយប្រើប្រាស់ពេលវេលានៃការស្ថាបនាចំនួន២ឆ្នាំ។ ការដ្ឋាននេះបានចាប់ផ្តើម ពីខែមករា ឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

    លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា កំណាត់ផ្លូវ២ខ្សែ បាន និងកំពុងស្ថាបនានេះរួម មាន៖ ផ្លូវទី១ ជាផ្លូវបេតុងឆ្អឹងដែកកម្រាស់ ២០សង់ទីម៉ែត្រ ទទឹងផ្លូវ ១៥ម៉ែត្រ រៀបខឿនទ្រូង ផ្លូវបែងចែកចរាចរ រៀបបរឌៀរ និងការឺឡាសងខាងចិញ្ចើមផ្លូវ ទទឹង ២,៥ម៉ែត្រ មានទទឹង សរុប២០ម៉ែត្រ ប្រវែងសរុប ៨២៤០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ ដល់ផ្លូវគល់ស្ពានឈ្នះឈ្នះ។ ដាក់លូសងខាងផ្លូវទំហំ ១,២ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ ដល់ស្ពានព្រែកតាគង់។ ដាក់លូសង ខាងផ្លូវទំហំ១,៥ម៉ែត្រ ចាប់ពីស្ពានព្រែកតាគង់ដល់ព្រែកម្រៀល។ ដាក់លូប្រអប់សង់ខាងទំហំ ២,៥ម៉ែត្រ x ២ម៉ែត្រ ពីរជួរចាប់ពីព្រែកម្រៀល ដល់ផ្លូវខ្សែទី៣។ ដាក់លូប្រអប់សងខាងផ្លូវ ទំហំ១,៥ម៉ែត្រ ចាប់ពីសាលាព្រែករាំងដល់ផ្លូវគល់ស្ពានឈ្នះឈ្នះ។

    ចំណែកផ្លូវទី២ ជាផ្លូវបេតុងឆ្អឹងដែកកម្រាស់ ២០សង់ទីម៉ែត្រទទឹងផ្លូវ ១៥ម៉ែត្ររៀប ខឿនទ្រូងផ្លូវ បែងចែកចរាចរ រៀបបរឌៀរ និងការឺឡាសងខាងចិញ្ចើមផ្លូវ ទទឹង ២,៥ម៉ែត្រ មានទទឹងសរុប២០ម៉ែត្រ ប្រវែងសរុប៦៩១៦ម៉ែត្រ ចាប់ពីផ្លូវខ្សែទី២ត្រង់ចំណុច PK0+830 ដល់មហាវិថីឈ្នះឈ្នះ។ ដាក់លូសងខាងផ្លូវទំហំ១ម៉ែត្រ ចាប់ពីផ្លូវខ្សែទី២ ដល់មាត់ ព្រែក តាគង់។ ដាក់លូប្រអប់ទំហំ២,៥ម៉ែត្រx២ម៉ែត្រ ពីរជួរចាប់ពីមាត់ព្រែកតាគង់ ដល់ចំណុច ផ្លូវ ទំនប់ឧកញ៉ាលីយ៉ុងផាត់។ ដាក់លូសងខាងផ្លូវទំហំ១,៥ម៉ែត្រចាប់ពីផ្លូវ ទំនប់ឧកញ៉ា លីយ៉ុង ផាត់ដល់មហាវិថីឈ្នះឈ្នះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: