ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជាសម្រេចលុបចោលការតម្រូវឱ្យបង្ហាញលទ្ធផលតេស្ត PCR និងលុបចោលការធ្វើតេស្តរហ័សលើអ្នកដំណើរទាំងអស់ ពេលមកដល់កម្ពុជា

    BY Khmernote Media March 17, 2022
    កម្ពុជាសម្រេចលុបចោលការតម្រូវឱ្យបង្ហាញលទ្ធផលតេស្ត PCR និងលុបចោលការធ្វើតេស្តរហ័សលើអ្នកដំណើរទាំងអស់ ពេលមកដល់កម្ពុជា

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លើរបាយការណ៍ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ របស់គណៈប្រចាំការនៃគ.ប.ក. គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រេចដូចខាងក្រោម៖

    ១- លុបចោលលក្ខខណ្ឌតម្រូវឲ្យអ្នកដំណើរមកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមានក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា។

    ២- លុបចោលការតម្រូវឲ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា។

    ៣- អនុញ្ញាតឲ្យបើកដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរមកផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

    ទោះបីមានការលុបចោលលក្ខខណ្ឌតម្រូវដូចមានចែងក្នុងចំណុចទី១ និងទី២ ខាងលើនេះក៏ដោយ ក្រសួងសុខាភិបាលសូមលើកទឹកចិត្តដល់អ្នកដំណើរទាំងអស់ គម្បីធ្វើតេស្តរហ័សដោយខ្លួនឯង។ ជាមួយគ្នានេះអ្នកដំណើរទាំងអស់ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលមកដល់កម្ពុជា។ ចំពោះអ្នកដំណើរដែលពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅតាមទីតាំងដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច៕

    Share This Post: