លោកជំទាវ ឱ វណ្ណឌីន បកស្រាយពីផលប៉ះពាល់សុខភាព ក្រោយពីបានជាសះស្បើយជំងឺកូវីដ-១៩
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩) បានផ្ដល់ចម្លើយទៅនឹងសំណួរអ្នកសារព័ត៌មានស្ដីពី ផលប៉ះពាល់សុខភាពក្រោយពីបានជាសះស្បើយជំងឺកូវីដ-១៩ ឲ្យបានជ្រាបថា៖

ខ្ញុំសូមអរគុណនូវសំណួរសំខាន់មួយនេះរបស់អ្នកសារព័ត៌មាន។ ខ្ញុំសូមបញ្ជាក់ជូនថាតាមការសិក្សារបស់អ្នកវិទ្យាសាស្រ្តវេជ្ជសាស្រ្តបរទេសមួយចំនួន លើអ្នកជាសះស្បើយពីជំងឺកូវីដ-១៩មួយចំនួន គេសង្កេតឃើញថា មានប្រហែលជា២៣-២៦% នៃអ្នកជាសះស្បើយ គឺមានបញ្ហាផ្លូវចិត្តដូចជាបញ្ហាឆាប់បាក់ទឹកចិត្ត និងឆាប់ព្រួយជាដើម។ ទន្ទឹមនឹងនោះ ភាពឆាប់នឿយហត់ ឬមានអារម្មណ៍មិនសូវមានកម្លាំងកំហែង ក៏សង្កេតឃើញមានដែរ និងមួយចំនួនទៀត ក៏មានការឆាប់ទទួលបាននូវការឆ្លងជំងឺកូវីដ-១៩ឡើងវិញផងដែរ។
ករណីនេះ អាស្រ័យលើសរីរាង្គរបស់បុគ្គលម្នាក់ៗដែលមានការឆ្លើយតប និងការវិវត្តន៍កើតមានមិនដូចគ្នានោះឡើយ ជាពិសេស ស្ថានភាពនៃអង់ទីគ័ររបស់បុគ្គលឆ្លើយតបទប់ទល់ទៅនឹងជំងឺនេះ ហើយក៏អាស្រ័យលើស្ថានភាពដែលបុគ្គលបានឆ្លងកាត់សភាពជំងឺស្រាល ឬជំងឺធ្ងន់ធ្ងរផងដែរ។
ការសិក្សាក៏បានបង្ហាញថា អាចមានរោគសញ្ញាដែលនៅសេសសល់បន្តក្នុងរយៈពេលប្រហែលជាមួយឆ្នាំក្រោយពីបានជា សះស្បើយពីជំងឺកូវីដ-១៩ (បុគ្គលខ្លះក៏មិនមានបញ្ហានេះដែរ) ដែលគេសង្កេតឃើញមានដូចជា៖ ឆាប់នឿយហត់ ឬមានអារម្មណ៍ថា ដូចជាខ្សោយជាងមុនពេលឈឺ, ដកដង្ហើមដូចជាមិនបានវែងៗ ឬពិបាកដកដង្ហើម ឬមានអារម្មណ៍ថា ដូចជារៀងថប់ៗដង្ហើម, បន្តនៅក្អកខ្លះៗ, អាចឈឺសន្លាក់ដៃជើង, អាចមានឈឺដើមទ្រូងខ្លះៗ, មានបញ្ហាការចងចាំ និងបញ្ហាសម្រាន្តមិនសូវលក់, ឈឺសាច់ដុំ ឬឈឺក្បាល, បេះដូងដើរញាប់ជាងមុន, និងបញ្ហាបាក់ទឹកចិត្ត អស់សង្ឃឹម ឬមានអារម្មណ៍ព្រួយច្រើនជាដើម។
រោគសញ្ញាខាងលើនេះ នឹងប្រហែលជាអាចបាត់ទៅវិញ ក្នុងរយ:ពេល៦-១២ខែ ឬអាចខ្លីជាងនេះ ឬក៏អាចកាន់តែធ្ងន់ធ្ងរ ឬមិនបាត់ទៅវិញ អាស្រ័យលើការបន្តថែទាំសុខភាពរបស់បុគ្គលដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ និងការធ្វើលំហាត់ប្រាណ ព្រមទាំងការចេះបន្ធូរអារម្មណ៍ និងបរិយាកាសរស់នៅជាដើម ជាពិសេសចាំបាច់ត្រូវចៀសវាងកុំបណ្តោយខ្លួនឲ្យមានការឆ្លងកូវីដ-១៩ឡើងវិញ ដែលវាអាចបន្ថែមភាពប៉ះពាល់ មិនល្អដល់សរីរាង្គណាមួយរបស់បុគ្គលដូចជាប្រព័ន្ធសរសៃប្រសាទ បេះដូង ថ្លើម និងតម្រងនោមជាដើម ។
សូមអានព័ត៌មានលម្អិតដូចខាងក្រោម៖

