ព្រឹកនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងដែលជាជំនួយរបស់ប្រទេសហុង គ្រីចំនួន ៥២៣.១០០ ដូស នៅវិមានសន្តិភាព
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ AstraZeneca ចំនួន ៥២៣,១០០ដូស ជាជំនួយរបស់ប្រទេសហុងគ្រី។

សូមបញ្ជាក់ថា វ៉ាក់សាំងអាស្ត្រាហ្សេនីកា(AstraZeneca) ចំនួន៥២៣.១០០ ដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនហុង គ្រី បានដឹកមកដល់កម្ពុជានៅយប់ថ្ងៃទី១៥ ខែមីនា ហើយរៀបចំធ្វើពិធីប្រគល់ និងទទួលក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នេះ ។
ប្រទេសហុង គ្រី គឺជាប្រទេសទី៨ហើយ ក្នុងចំណោមប្រទេសដែលបានផ្តល់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រទេសកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។
តាមរបាយការណ៍ក្រសួងសុខាភិបាល មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបចំនួនជាង៤៣លាន៨សែនដូសហើយ បើគិតទាំងពីការបញ្ជា ទិញដោយផ្ទាល់ និង ជំនួយរបស់ប្រទេសជាមិត្តតាមយន្តការទ្វេភាគី និងតាមយន្តការរបស់មជ្ឈមណ្ឌលកូវ៉ាក់។ ប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជាកន្លងមក រួមមាន ដូចជា ចិន ជប៉ុន អាមេរិក អង់គ្លេស អូស្ត្រាលី ហូឡង់ ប៉ូឡូញ និងហុង គ្រី ជាដើម៕




ប្រភព៖ ក្រសួងព័ត៌មាន