សម្ដេចតេជោ ហ៊ុន សែន៖ អំណោយវ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca របស់ហុងគ្រី នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបន្តប្រយុទ្ធនឹង ជំងឺកូវីដ-១៩ នៅកម្ពុជា
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា អំណោយសប្បុរសធម៌ដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ពីសំណាក់ប្រជាជន និងរដ្ឋាភិបាលហុងគ្រី នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបន្តប្រយុទ្ធនឹង ជំងឺកូវីដ-១៩ នៅកម្ពុជា។

ក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩(AstraZeneca) ចំនួន ៥២៣ ០០០ (ប្រាំសែន ពីរម៉ឺនបីពាន់) ដូស ពីរដ្ឋាភិបាល និងប្រជាជននៃប្រទេសហុងគ្រី ជូនរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២២ នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា ហុងគ្រី គឺជាប្រទេសទី ៦ ដែលបានផ្ដល់ អំណោយវ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជន និងរដ្ឋាភិបាលកម្ពុជា ក្នុងក្របខ័ណ្ឌទ្វេភាគី ដែលសម្ដេចបានមកទទួល ដោយផ្ទាល់។
សម្ដេចតេជោបន្ដថា អំណោយដ៏ថ្លៃថ្លានេះ គឺជាសក្ខីភាពមួយដែលឆ្លុះបញ្ចាំងពីកាយវិការមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់របស់ប្រជាជន និងរដ្ឋាភិបាលហុងគ្រី លើការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅលើសកលលោកទាំងមូល ដែលកម្ពុជាសូមកោតសរសើរ និងវាយតម្លៃខ្ពស់។ សម្ដេចតេជោនាយករដ្ឋមន្ត្រីគូស បញ្ជាក់ទៀតថា ជាការពិត ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតែបន្តអូសបន្លាយ និង កំពុងវិវត្ដន៍ ជាពិសេសតាមរយៈ ការបង្កើតជាប្រភេទមេរោគបំប្លែងខ្លួនថ្មីៗជាបន្តបន្ទាប់។ ដោយឈរលើស្មារតីប្រុងប្រយ័ត្នប្រកបដោយសុទិដ្ឋិនិយម កម្ពុជាបានតាមដានវាយតម្លៃសភាពការណ៍ និងយកចិត្តទុកដាក់ខ្ពស់ ដោយបានពន្លឿន និងជំរុញយុទ្ធនាការ ចាក់វ៉ាក់សាំង សំដៅបង្កើតភាពស៊ាំសហគមន៍នៅទូទាំងប្រទេសកម្ពុជា។ សម្ដេចតេជោបានលើកឡើងថា កម្ពុជាជឿជាក់ថា ការចាក់វ៉ាក់សាំងគឺជាកិច្ចការអាទិភាព សម្រាប់យើងទាំងអស់គ្នា ហើយវ៉ាក់សាំងនឹងបន្តដើរតួនាទីជាទំនិញយុទ្ធសាស្រ្តគន្លឹះ ក្នុងការទប់ទល់នឹងការឆ្លងរាលដាល ក៏ដូចជាការរៀនរស់នៅជាមួយជំងឺកូវីដ-១៩ និងការបើកកិច្ចដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច ឡើងវិញ។

គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ កម្ពុជា គឺជាប្រទេសមួយដែលទទួលបានជោគជ័យក្នុងយុទ្ធនាការ ជាតិចាក់វ៉ាក់សាំង ដោយសម្រេចបានអត្រាចាក់វ៉ាក់សាំងប្រមាណ ៩២,២៧ភាគរយ នៃប្រជាជនសរុបប្រមាណ ១៦លាននាក់ ។ របាយការណ៍នេះ បានអនុញ្ញាតឱ្យកម្ពុជាបើកប្រទេសឡើងវិញ និងរក្សាកិច្ចដំណើរការ នៃសកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញលើគ្រប់វិស័យ ទោះបីជាការឆ្លងរាលដាលចូលក្នុងសហគមន៍នៅ បន្តមានក៏ដោយ។ សម្ដេចតេជោបានបន្ដទៀតថា កម្ពុជារំពឹងថានឹងអាចស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ តាមរយៈការកែលម្អនូវ ចន្ទល់សេដ្ឋកិច្ចសំខាន់ៗដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងការស្វែងរកចន្ទល់ថ្មីប្រកបដោយសក្តានុពល ពីវិស័យផ្សេង។
សម្ដេចតេជោបានសម្ដែងនូវការជឿជាក់យ៉ាងមុតមាំថា ចំណងមិត្តភាពរវាងកម្ពុជា និងហុងគ្រី នឹងកាន់តែរឹងមាំថែមទៀត ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនាពេលអនាគត។ សម្ដេចតេជោក៏បានលើកទឹកចិត្ត ឱ្យមានការជំរុញការរៀបចំបើកស្ថានទូតនៃប្រទេស ទាំងពីរជាថ្មីឡើងវិញ ដែលជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយសំដៅជំរុញទំនាក់ទំនងការទូតកម្ពុជា-ហុងគី ឱ្យកាន់តែស៊ីជម្រៅ និងពេញលេញថែមទៀត និងបានអំពាវនាវឱ្យប្រជាជនកម្ពុជា បន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ជាពិសេសវិធានការ «៣-ការពារ និង ៣-កុំ» និងនាំគ្នាទៅទទួលការចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា។
ឯកឧត្ដម Istvan BAKOS ភារធារីស្ដីទី នៃស្ថានទូតហុងគ្រីប្រចាំកម្ពុជាបានឱ្យដឹងថា ហុងគ្រីមានសេចក្តីសោមនស្សរីករាយដែលឃើញប្រទេសកម្ពុជាសម្រេចបាននូវជោគជ័យដ៏អស្ចារ្យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏សាហាវនេះ ដោយឈានដល់អត្រាចាក់វ៉ាក់សាំងខ្ពស់បំផុត និងអត្រាមរណភាពទាបបំផុត បើប្រៀបធៀបក្នុងតំបន់ និងទូទាំងពិភពលោក ដោយសារវិធានការចាក់វ៉ាក់សាំងជាប្រព័ន្ធនិងមានប្រសិទ្ធភាព។ ទោះជាយ៉ាងណាក្តី កម្មវិធី ដែលទទួលបានជោគជ័យនេះ ចាំបាច់ត្រូវបន្ត ដោយហេតុថា ការរីករាលដាលវីរុសថ្មី ដែលមានការឆ្លងក្នុងល្បឿនលឿន នៅតែបន្តមាន និងវាយលុកផ្នែកជាច្រើននៃពិភពលោក។
ឯកឧត្ដមបន្ដថា ក្នុងនាមប្រទេសជាមិត្តប្រពៃណី និងជាសម្ព័ន្ធមិត្តរបស់កម្ពុជា ហុងគ្រី មានសេចក្តីសោមនស្ស រីករាយក្នុងការគាំទ្រ កម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកលើជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ឯកឧត្ដមភារធារីស្ដីទីបានឱ្យដឹងទៀតថា យើងមានមោទកភាពដែលបន្ថែមពីលើការផ្តល់អាហារូបករណ៍ ដល់យុវជនកម្ពុជាដែលមានទេពកោសល្យ និងសម្រាប់ថ្នាក់បណ្ឌិត ការជួយកម្ពុជាក្នុងការបោសសម្អាតមីន និងសំណល់ពីសង្រ្គាម ក៏ដូចជាការផ្តល់ឱកាសពាណិជ្ជកម្ម និងវិនិយោគ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទាំងក្នុង ក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ហុងគ្រីក៏អាច ចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឱ្យវិលមករកប្រក្រតីភាពឡើងវិញនៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោក។
ឯកឧត្ដមបានបន្ថែមថា “ការប្រគល់អំណោយវាក់សាំង Astra Zeneca ជាងកន្លះលានដូស នេះ ជាជំហានថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ ហុងគ្រីសូមប្តេជ្ញាចិត្ត ជួយដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រទេស ដើម្បីជាផលប្រយោជន៍រួមគ្នារបស់ប្រទេសយើងទាំងពីរ។ យើងជឿជាក់ថា ជំនួយក្នុងពេលមាន តម្រូវការ គឺជាជំនួយពិតប្រាកដ”។
គួរបញ្ជាក់ដែរថា មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបចំនួនជាង៤៣លាន៨សែនដូសហើយ បើគិតទាំងពីការបញ្ជាទិញដោយផ្ទាល់ និងជំនួយរបស់ប្រទេសជាមិត្តតាមយន្តការទ្វេភាគី និងតាមយន្តការរបស់មជ្ឈមណ្ឌលកូវ៉ាក់ ៕


ប្រភព៖ ក្រសួង័ត៌មាន