ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ឧដុង្គ-ថ្នល់ទទឹង

    BY Khmernote Media March 25, 2022
    ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ឧដុង្គ-ថ្នល់ទទឹង

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែមីនាឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ ដែលជាផ្លូវមួយខ្សែដ៏សំខាន់សម្រាប់បម្រើដល់ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រ ជាពលរដ្ឋ ដោយតភ្ជាប់រវាងផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ ។

    ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ផ្លូវជាតិលេខ៥១ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត និងជាចំណងដៃដ៏ថ្លៃថ្លា ដែលកើតចេញពីចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុង ជ្រោយរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិ បាលនៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តកណ្តាលនិងខេត្តកំពង់ស្ពឺ ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។

    ឯកឧត្តមទេសរដ្ឋមន្ត្រី បានរំលឹកថា កាលពីឆ្នាំ២០០៣-២០០៤ ផ្លូវជាតិលេខ ៥១នេះ បានស្ថាបនាម្តងរួចមកហើយ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់(DBST) ។ នៅអំឡុងឆ្នាំ២០០៩ ផ្លូវនេះ បានទទួល រងការខូចខាតយ៉ាងដំណំ ដោយសារកត្តានៃការប្រើប្រាស់ និងសកម្មភាពដឹកជញ្ជូនគ្រប់ប្រភេទមានការកើនឡើងយ៉ាងគំហុក រួមផ្សំទាំងការដឹកលើសទម្ងន់កម្រិតកំណត់ផងដែរ ហើយក្នុងអំឡុងពេលនោះ ផ្លូវនេះបានត្រឹមតែធ្វើការជួសជុល និងថែទាំប្រចាំ ឆ្នាំ ដោយប្រើប្រាស់កញ្ចប់ថវិកាជាតិប៉ុណ្ណោះ ។ នៅឆ្នាំ២០១៧ ទើបរាជរដ្ឋាភិ បាលកម្ពុ ជាបានសម្រេចអនុញ្ញាតឱ្យធ្វើការជួសជុលនិងស្តារផ្លូវនេះឡើងវិញ ដោយក្រាលបេតុងកៅស៊ូ AC ព្រមទាំងពង្រីកទទឹងតួផ្លូវ ឱ្យធំជាងមុន ។

    ឯកឧត្តមទេសរដ្ឋមន្រ្តីបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ៥១ មានប្រវែងសរុបជិត ៣៨គីឡូម៉ែត្រ ចាប់ផ្តើមពីឧដុង្គ (ចំណុចប្រសព្វផ្លូវជាតិលេខ៥) ទៅដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) បានស្ថាបនាដោយក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ មានទទឹងតួផ្លូវសរុប១២ម៉ែត្រ។ ក្នុងនោះ ផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍មាន ២គន្លង (១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹង ៣.៧៥ម៉ែត្រ និងផ្លូវសម្រាប់ទោចក្រយាន យន្តមាន២គន្លង(១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹង ១.៧៥ ម៉ែត្រ និងចិញ្ចើមផ្លូវសងខាងក្រាលក្រួសក្រហមប្រវែង ០.៥០ម៉ែត្រ។

    គម្រោងនេះ បានសាងសង់លូជ្រុងចំនួន ២០កន្លែង, លូមូលចំនួន ៦៧កន្លែង, លូដាក់តាមប្រឡាយសងខាងចំនួន ៩៧ កន្លែង រួមទាំងការងារបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបរិក្ខារសុវត្ថិភាពផ្លូវថ្នល់ផ្សេងៗទៀត។ គម្រោងនេះ អនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន បានប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៧ខែ គិតចាប់ពីខែ មិថុនា ឆ្នាំ ២០១៧ ដល់ខែសីហា ឆ្នាំ២០១៩ បានចំណាយថវិកាសរុបជិត ៤១លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិ បាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ ។

    ឯកឧត្តមទេសរដ្ឋមន្រ្តីគូសបញ្ជាក់ថា ផ្លូវ ជាតិលេខ៥១នេះ គឺជាខ្សែផ្លូវស្ថិតនៅក្នុងភូមិសាស្រ្តរវាងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដែលប្រទាក់ក្រឡាគ្នាជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗ រួមមានដូចជា៖ ផ្លូវជាតិលេខ ៤, ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៤១ និងតភ្ជាប់ទៅផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ ៤២ ទៅរាជ ធានីភ្នំពេញ, និងផ្លូវលេខ ១៤៤០ ទៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ឯកឧត្តមទេសរដ្ឋមន្ត្រីបន្ថែមថា ផ្លូវជាតិលេខ៥១ ក៏ជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជាប់ជា មួយផ្លូវអាស៊ានហាយវ៉េលេខ ១ (AH-1)នៃរបៀងសេដ្ឋកិច្ចខាងត្បូង ឆ្ពោះ ទៅច្រកព្រំដែនកម្ពុជា-ថៃ (ប៉ោយប៉ែត) និងផ្លូវអាស៊ានហាយវ៉េលេខ ១១ (AH-11) ឆ្ពោះ ទៅកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះ សីហនុ ហើយអាចតភ្ជាប់តាមរយៈផ្លូវជាតិលេខ ៤១ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៣៣ ទៅកាន់ខេត្តកំពតនិងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ធម្មជាតិ និងតំបន់ឆ្នេរដ៏ស្រស់ត្រកាលរបស់កម្ពុជា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: