ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នឹងបើកសម្ពោធជាផ្លូវការនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ អាជ្ញាធរខណ្ឌ រួមជាមួយកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត បានចុះដល់ទីតាំងស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដើម្បីត្រៀមរៀបចំពិធីសម្ពោធ។

ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានស្ថាបនារួចរាល់១០០%ហើយ ដោយគ្រោងដាក់សម្ពោធជាផ្លូវការនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោយពីបានដាក់ឲ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន បានប្រមាណជិត១សប្តាហ៍។
សូមបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់ការសាងសង់ ក្នុងរយៈពេល៣០ខែ និងចំណាយថវិការសាងសង់ប្រមាណ២២លានដុល្លារ។
ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះត្រូវសាងសង់ដោយបែងចែកជា៣ផ្នែក រួមមាន៖
-ស្ពានទី១៖ ជាស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅនឹងពីរគន្លងមកជម្រាលស្ពាន ៤,៥ម៉ែត្រ និងមានកម្ពស់ អតិបរមាដែលអាចចរាចរក្រោមស្ពានមាន៥,៥ម៉ែត្រ។
-ស្ពានទី២៖ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប២០២ម៉ែត្រ (ស្ពានអាកាស ប្រវែង៤០ម៉ែត្រ ផ្លូវក្រោមដី ប្រវែង១១៨ម៉ែត្រនិងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ។
-ស្ពានទី៣៖ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង២៨ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។
គួរបញ្ជាក់ទៀតថា ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅនេះ បានបើកការដ្ឋានដំណើរការសាងសង់ជាផ្លូវការកាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន៕







