ឥណ្ឌាចុះអនុស្សរណៈយោគយល់គ្នាជាមួយ អាជ្ញាធរជាតិសំបូរព្រៃគុកលើគម្រោង ជួសជុល ប្រាសាទគុក ឬប្រាសាទមហាឥសី
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិសំបូរព្រៃគុក បានឱ្យដឹងថា អាជ្ញាធរជាតិ នឹងសហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋ ឥណ្ឌា ដើម្បីឈានទៅរកការជួសជុល និងសង្គ្រោះប្រាសាទគុក ឬប្រាសាទមហាឥសី (N17) ដែលកសាងឡើងពីថ្មភក់ដែលចាស់ទ្រុឌទ្រោម ហើយកំពុងរងការខូចខាតនោះ ឱ្យរឹងមាំឡើងវិញ។

ឯកឧត្តម ផាន់ ណាឌី អគ្គនាយកនៃអាជ្ញាធរជាតិសំបូរព្រៃគុក បានមានប្រសាសន៍ក្នុងបទសម្ភាសន៍ បន្ទាប់ពីកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការ អន្តរជាតិសម្របសម្រួលកិច្ច គាំពារនិង អភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ី ស៊ី-អង្គរ(ICC Angkor) នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះថា អាជ្ញាធរជាតិសំបូរព្រៃគុក បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយលោកជំទាវបណ្ឌិត Devyani KHOBRAGADE ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា លើគម្រោងជួសជុល និង សង្គ្រោះប្រាសាទគុក ឬប្រាសាទមហាឥសី (N17) ដែលចាស់ទ្រុឌទ្រោម និងកំពុងរងការខូចខាតឱ្យមាននិរន្តរភាពប្រសើរឡើងវិញ។
ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គលើកទី២៨ នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ អភិរក្ស និងអភិវឌ្ឍន៍រមណីដ្ឋានប្រវត្តិអង្គរ (អាយស៊ីស៊ី-អង្គរ) នៅសណ្ឋាគារ សូហ្វីតែល អង្គរភូគីត្រា ខេត្តសៀមរាប ក្រោមអធិបតីភាពរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ឯកឧត្តម ផាន់ ណាឌី មានប្រសាសន៍បន្តថា លក្ខណៈនៃក្រុមប្រាសាទសំបូរព្រៃគុក គឺប្រាសាទភាគច្រើនសង់ពីឥដ្ឋ តែការចុះអនុស្សរណៈជាមួយឥណ្ឌានៅពេលនេះ គឺផ្ដោតលើគម្រោងជួសជុលប្រាសាទគុក ឬប្រាសាទមហាឥសី (N17) ដែលសង់ពីថ្មភក់ ហើយប្រាសាទនេះ មានរចនាបទស្រដៀងគ្នាទៅនឹងប្រាសាទរបស់ឥណ្ឌាទើបធ្វើ ឱ្យឥណ្ឌាចាប់អារម្មណ៍លើគម្រោងជួសជុលនោះ។
សូមបញ្ជាក់ថា អាជ្ញាធរជាតិសំបូរព្រៃគុក បានចាប់ផ្ដើមការងារ តាំងពីដើមឆ្នាំ២០១៧ ដោយផ្តោតការយកចិត្តទុកដាក់ជំហានដំបូងលើ ២ចំណុច គឺទី១ ជួយអន្តរាគមន៍បន្ទាន់លើការជួសជុល ការថែទាំប្រាសាទបុរាណដែលជាប្រភេទប្រាសាទឥដ្ឋ មានវ័យចំណាស់ជាងគេ តាំងពីសតវត្សរ៍ទី៧ គឺមុនសម័យអង្គរទៅទៀត ដែលកំពុងប្រឈមនឹងការជ្រុះបាក់បែក។ ចំណុចទី២ គឺ យកចិត្តទុករៀបចំលំនៅឋាន និងសំណង់នានារបស់ប្រជាពលរដ្ឋ កុំឱ្យមានការរីករាលដាលចូលទៅក្នុងតំបន់ការពារសំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក៕




ប្រភព៖ ក្រសួងព័ត៌មាន