ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រូបសំណាក «ព្រះថោងនាងនាគ» កម្ពស់ ២១ម៉ែត្រ បានដឹកមកដល់ និងកំពុងរៀបចំលើកដាក់លើបល្ល័ងនៅរង្វង់មូលហើយ

    BY Khmernote Media March 27, 2022
    រូបសំណាក «ព្រះថោងនាងនាគ» កម្ពស់ ២១ម៉ែត្រ បានដឹកមកដល់ និងកំពុងរៀបចំលើកដាក់លើបល្ល័ងនៅរង្វង់មូលហើយ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ព្រឹកថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញចុះពិនិត្យរូបសំណាក «ព្រះថោងនាងនាគ» ដែលមានកម្ពស់ ២១ម៉ែត្រ ដែលរចនាស្ថាបត្យកម្មដោយស្មារដៃកូនខ្មែរ ត្រូវបានដឹកមកដល់រង្វង់មូល ព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

    រូបសំណាក ព្រះថោងនាងនាគនេះ ជារូបសំណាកទី៣ ដែលរដ្ឋបាលខេត្តព្រះសីហនុ បាននឹងកំពុងរៀបចំលើកដាក់លើបល្ល័ងនៅរង្វង់មូល ព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ បន្ទាប់ពីរូបសំណាកបដិមាព្រះឧមា-មហេសូរ នៅរង្វង់មូលព្រះឧមា-មហេសូរ ស្ថិតនៅភូមិថ្មធំ ឃុំរាមស្រុកព្រៃនប់ និងរូបសំណាក សីហរាជមុខបី ដែលនៅខាងមុខរោងចក្រស្រាបៀអង្គរ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។

    រូបសំណាក ព្រះថោងនាងនាគ បន្ទាប់លើកដាក់រួច នឹង បង្ហាញពីភាពទាក់ទាញកាន់តែខ្លាំងបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តនៅខេត្តព្រះសីហនុ៕

    Share This Post: