ក្រសួងការងារ ជូនដំណឹងដល់សហគ្រាសស្នើសុំពន្យារសុពលភាពបណ្ណ-សៀវភៅការងារជនបរទេស រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសក្រុមហ៊ុន និងជនបរទេសប្រកបមុខរបរណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតក្រោមដែនអនុវត្តនៃច្បាប់ស្ដីពីការងារ ជ្រាបថា៖

ដោយស្ថានភាពឆ្នាំ២០២២នេះ មានបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ នៅលើពិភពលោកនៅតែបន្ត ជាពិសេសវីរុសបម្លែងថ្មី អូមីក្រុង ធ្វើឲ្យជនបរទេសដែលធ្លាប់មានបណ្ណ/សៀវភៅការងារជនបរទេសឆ្នាំ២០២១ មួយចំនួនធំមិនទាន់បានស្នើសុំពន្យាសុពលភាពបណ្ណ/សៀវភៅការងាររបស់ពួកគាត់នៅឡើយ។
ក្រសួងការងារសូមជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ក្រុមហ៊ុន និងជនបរទេសទាំងអស់ឲ្យបានជ្រាបថា ការស្នើសុំពន្យារសុពលភាពបណ្ណ/សៀវភៅការងារជនបរទេសឆ្នាំ២០២២ ត្រូវបានពន្យារពេលដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ដោយមិនតម្រូវធ្វើការផាកពិន័យសម្រាប់ជនបរទេស ដែលធ្លាប់មានបណ្ណ/សៀវភៅការងារជនបរទេសឆ្នាំ២០២១ឡើយ។ ចំពោះជនបរទេសដែលចូលថ្មីមកធ្វើការ ឬប្រកបអាជីវកម្ម នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញឯកសារឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់។
ក្រសួងសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ក្រុមហ៊ុន និងជនបរទេសទាំងអស់ នឹងចូលរួមអនុវត្តសេចក្ដីជូនដំណឹងនេះឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ៕
