វឌ្ឍនភាពនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩៖ ប្រជាពលរដ្ឋសរុបជាង ១៤លាននាក់ហើយ បានទទួលវ៉ាក់សាំងដូសមូលដ្ឋាន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ដោយមានប្រជាពលរដ្ឋសរុបចំនួន ១៤ ០១៩ ៦៦៨ នាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ក្នុងចំនួនប្រជាពលរដ្ឋសរុបទូទាំងប្រទេស ១៦លាននាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានេះផងដែរ សម្រាប់ការងារចាក់វ៉ាក់សាំងដូសជំរុញវិញ ក៏បាននិងកំពុងបន្ត និងបង្កើនល្បឿនផងដែរ ដោយសម្រេចចាក់បានចំនួន ៧ ៩៤៣ ៥៤៦ នាក់ សម្រាប់ដូសទី៣ និងចំនួន ១ ១៦៥ ៩៦១ នាក់ សម្រាប់ដូសទី៤។
ប៉ុន្តែបើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែបង្ហាញនូវភាពជោគជ័យក្តី ការបន្តចូលរួមអនុវត្តនូវវិធានការ ០៣ការពារ-០៣កុំ ដោយយកចិត្តទុកដាក់បំផុត និងអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញ នៅពេលដល់វេន រួមជាមួយនឹងការរស់ជាធម្មតាតាមបែបគន្លងប្រក្រតីភាពថ្មី ដើម្បីចូលរួមទប់ស្កាត់វីរុសដ៏កាចសាហាវនេះ ក្នុងបរិបទដែលវីរុសបំប្លែងថ្មីអូមីក្រុងកំពុងតែរីករាលដាលនៅក្នុងសហគមន៍រស់នៅ នៅតែជាកត្តារួមផ្សំដែលមិនអាចខ្វះបាន។
សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនេះផងដែរ ក្រុមដែលមានអាយុ១៨ឆ្នាំឡើង សម្រេចចាក់បានចំនួន ១០ ២៦៧ ០៥៥ នាក់ សម្រាប់ដូសទី១ និងចំនួន ៩ ៩២១ ២១៧ នាក់ សម្រាប់ដូសទី២ ដែលស្មើនឹង ១០២.៦៧% នៃចំនួនប្រជាពលរដ្ឋសរុបប្រមាណ ១០លាននាក់។
ចំពោះក្រុមកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨២៩ ៧១៣ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៦៣ ៩៩៤ នាក់ ដែលស្មើនឹង ១០០.១៣% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។
ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០៤៤ ០៩៤ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩៦៨ ៧០៣ នាក់ ដែលស្មើនឹង ១០៧.៧៣% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារអាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣៧៦ ០២៨ នាក់ សម្រាប់ដូសទី១ និងចំនួន ២៨៧ ៥១៥ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១២៣.៥៦%។
ជាសរុបរួម ប្រជាពលរដ្ឋចំនួន ៩២.៦៤% បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយតួលេខប្រជាពលរដ្ឋដែលបានទទួលវ៉ាក់សាំងនៅកម្ពុជានេះ ទាំងដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤ ស្ថិតក្នុងកម្រិតមួយដ៏ខ្ពស់នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក។
សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៤៩ ៧៥១ ៧៩០ ដូស រួចមកហើយ តាមរយៈយន្តការបញ្ជាទិញ យន្តការជំនួយទ្វេភាគី និងយន្តការកូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក និងយន្តការបញ្ជាទិញក្រោមមូលនិធិអាស៊ានឆ្លើយតបនឹងជំងឺកូវីដ-១៩ ដោយក្នុងនោះរួមមាន៖
– វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) មានចំនួន ៣៤ ៤២៤ ៨០០ ដូស។
– វ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) មានចំនួន ៧ ៨០០ ០០០ ដូស។
– វ៉ាក់សាំង អាស្ត្រាហ្សេនេកា (AstraZeneca) មានចំនួន ៣ ៧៨៤ ៥០០ ដូស។
– វ៉ាក់សាំង ចនសុនអេនចនសុន (Jonhson&Johnson) ចំនួន ១ ០៦៤ ៦០០ ដូស។
– វ៉ាក់សាំង ម៉ូដឺនណា (Moderna) ចំនួន ១៨៨ ១៦០ ដូស។
– វ៉ាក់សាំង ហ្វាយហ្សឺ (Pfizer) ចំនួន ២ ៤៨៩ ៧៣០ ដូស។
ដោយឡែក កម្ពុជាក៏នឹងទទួលបានវ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ចំនួន ១៥លានដូសបន្ថែមទៀត រួមជាមួយវ៉ាក់សាំងដែលនឹងផ្តល់ដោយប្រទេសអ៊ីតាលី ១លានដូស និងប្រទេសប៉ូឡូញ ១លានដូស រួមជាមួយនឹងវ៉ាក់សាំងដែលនឹងផ្តល់ដោយសហរដ្ឋអាមេរិកចំនួន ៧លាន ៥សែនដូសទៀត ដែលនឹងមកដល់ជាបន្តបន្ទាប់ ក្នុងនោះកម្ពុជាក៏មាននៅសល់វ៉ាក់សាំងស្តុកនៅក្នុងឃ្លាំងប្រមាណ ១១លាន ៥សែនដូសផងដែរ៕



ប្រភព៖ ក្រសួងព័ត៌មាន