សម្តេចតេជោ ហ៊ុន សែន កំពុងពិចារណាឱ្យក្រសួងសេដ្ឋកិច្ច រៀបចំស្តុកប្រេងយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់ពលរដ្ឋ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅ។

នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចកំពុងពិចារណាឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំដាក់យុទ្ធសាស្ត្របន្ថែមទៅលើបញ្ហាប្រេងឥន្ធនៈ ដោយសម្តេចចង់ឱ្យមានរៀបចំស្តុកយុទ្ធសាស្ត្រលើបញ្ហាប្រេង ដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោបានថ្លែងថា នៅពេលមានសង្គ្រាម ទើបមើលឃើញនូវតម្លៃសុខសន្តិភាព។ សម្រាប់ប្រទេសកម្ពុជា បានមើលឃើញពីសារៈសំខាន់នៃសុខសន្តិភាពតាំងពីឆ្នាំ១៩៧០។ កត្តាសន្តិភាពជាចំណុចចាប់ផ្តើមដំបូង បើគ្មានសុខសន្តិភាពទេ គឺគ្មានការអភិវឌ្ឍអ្វីទាំងអស់៕
